“ថយក្រោយមិនចឹងបាញ់ទម្លាក់!” ៖ យន្តហោះ Vietnam Airlines រងការគំរាមបាញ់ទម្លាក់នៅលើដែនអាកាសជប៉ុន

យន្តហោះមួយរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) ដែលហោះចេញពីអាកាសយានដ្ឋានណារីតារបស់ជប៉ុនទៅកាន់ទីក្រុងហាណូយ ត្រូវបានបង្វែរទិសទៅកាន់អាកាសយានដ្ឋានជប៉ុនមួយផ្សេងទៀត បន្ទាប់ពីអ្នកទូរស័ព្ទចូលម្នាក់បានគំរាមបាញ់ទម្លាក់វាពីលើឆកសមុទ្រតូក្យូ។

នៅម៉ោង ១១៖១០ ព្រឹកថ្ងៃព្រហស្បតិ៍ទី៦មករា គឺប្រហែល ៤០ នាទីបន្ទាប់ពីយន្តហោះបានចេញដំណើរជាមួយអ្នកដំណើរ ៤៧ នាក់ អាកាសយានិក ៣ នាក់ និងអ្នកបម្រើ ១២ នាក់នៅលើយន្តហោះ ការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍នេះនៅក្នុងប្រទេសជប៉ុនបានទទួលទូរស័ព្ទពីបុរសម្នាក់ ដែលនិយាយជាភាសាជប៉ុនប៉ុន្តែអះអាងថាជាជនជាតិអាមេរិក។

អ្នកទូរស័ព្ទអនាមិកនោះបានគំរាមថា “ជើងហោះហើរ VN5311 ត្រូវតែត្រឡប់ទៅណារីតាវិញល្អជាង បើមិនអ៊ីចឹងទេនឹងត្រូវបាញ់ទម្លាក់នៅពេលហោះឆ្លងកាត់ឆកសមុទ្រតូក្យូ”។

នៅពេលអ្នកទទួលការហៅទូរស័ព្ទសុំឱ្យបុរសនោះផ្ញើសារឡើងវិញ គាត់បាននិយាយថា “ខ្ញុំកំពុងត្រៀមបាញ់យន្តហោះ VN5311 នៅពេលណាដែលវាហោះពីលើឆកសមុទ្រតូក្យូ។ វាគួរតែត្រឡប់ថយក្រោយវិញល្អជាង”។

ការិយាល័យក្រុមហ៊ុននៅជប៉ុនបានតេទៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Vietnam Airlines នៅទីក្រុងហាណូយ ដែលបន្ទាប់មកបានរាយការណ៍អំពីការតេគំរាមនោះទៅកាន់អាជ្ញាធរជប៉ុន អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) និងទីភ្នាក់ងាររបស់ក្រសួងសន្តិសុខសាធារណៈ។

ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានកោះប្រជុំបន្ទាន់មួយនៃក្រុមការងារសង្គ្រោះបន្ទាន់និងប្រឆាំងភេរវកម្មរបស់ខ្លួនផងដែរ។ ដោយមានការអនុញ្ញាតពីឧបនាយករដ្ឋមន្ត្រី ផាម បិញ មិញ និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ង្វៀន វ៉ាន់ ដឹក អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានបញ្ជាឱ្យក្រុមហ៊ុន Vietnam Airlines ស្នើសុំការអនុញ្ញាតពីអាជ្ញាធរជប៉ុនដើម្បីចុះចតយន្តហោះនៅអាកាសយានដ្ឋានហ៊្វូគូកា។

យន្តហោះបានចុះចតនៅហ៊្វូគូកាដោយសុវត្ថិភាពនៅម៉ោង ១៖០២ រសៀលថ្ងៃព្រហស្បតិ៍ទី៦មករា។

អាជ្ញាធរ​ជប៉ុន​បាន​ចុះទៅ​មើល​ដល់អាកាសយានដ្ឋាន ហើយ​បាន​និយាយ​ជាមួយ​ក្រុម​អាកាសយានិក និង​អ្នក​ដំណើរ​ដើម្បី​វាយតម្លៃ​ស្ថានភាព។

បន្ទាប់ពីរកមិនឃើញសញ្ញាមិនប្រក្រតីណាមួយនិងចាត់ទុកថាវាមានសុវត្ថិភាពក្នុងចេញដំណើរ យន្តហោះ VN5311 ត្រូវបានអនុញ្ញាតឱ្យចាកចេញពីហ៊្វូគូកាទៅហាណូយ។ យន្តហោះបានចុះចតនៅទីក្រុងហាណូយនៅម៉ោង ៦៖១២ ល្ងាច (ម៉ោងនៅទីក្រុងហាណូយ)៕

Leave a Reply

Your email address will not be published. Required fields are marked *