ម្ចាស់ផ្ទះទៅភ្នំពេញ, ចោរ៤នាក់គាស់ផ្ទះលួចស្រាបៀរត្រូវប៉ូលិសក្រុងសិរីសោភ័ណឃាត់ខ្លួន

បន្ទាយមានជ័យ ៖ កម្លាំងប៉ូលិសសិរីសោភ័ណបានបង្ហាញមុខ ជនសង្ស័យ៤នាក់នាថ្ងៃទី២៩មករា បន្ទាប់ពីបាន ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់រួមមាន ១-ឈ្មោះសួស សុភី ហៅខ្មៅ ភេទប្រុសអាយុ១៦ឆ្នាំ, ២-ឈ្មោះ អ៊ុច ឡើយ ភេទប្រុស អាយុ១៩ឆ្នាំ, ៣-ឈ្មោះ ញឹម ខេន ភេទប្រុស អាយុ១៩ឆ្នាំ, ៤-ឈ្មោះ ផាន់ ផាវ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង០៤នាក់រស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ចំពោះលទ្ធផលដែលកម្លាំងនគរបាលក្រុងសិរីសោភ័ណ សម្រេចបាននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

យោងតាមបណ្តឹងរបស់ឈ្មោះ លឹម ប៊ុនលាង ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានឱ្យដឹងថា មានករណីចោរលួចគាស់គន្លឹះទ្វារផ្ទះរបស់ខ្លួន ខណ:ពេលគាត់ទៅធ្វើបុណ្យនៅឯភ្នំពេញ យកអស់ស្រាបៀរហ្គេនស្បឹកចំនួន១៣កេស, ស្រាបៀរកម្ពុជាចំនួន០៥កេស,ស្រាបៀរ ABC ​ចំនួន០១កេសនិងទឹកក្រូចមួយចំនួន ។

ក្រោយពីទទួល​បានបណ្តឹង កម្លាំងប៉ូលិសជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ សួស សុភី ហៅខ្មៅ មកសួរនាំ នៅអធិការដ្ឋានប៉ូល៨សក្រុងសិរីសោភ័ណ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សួស សុភី ហៅខ្មៅ បានសារភាពថា «គេនិងបក្សពួក០៣នាក់ទៀតឈ្មោះ អ៊ុច ឡើយ ,ញឹម ខេននិងផាន់ ផាវ ពិតជាបានធ្វើសកម្មភាពគាស់គន្លឹះទ្វារផ្ទះរបស់ឈ្មោះ លឹម ប៊ុនលាង យកស្រាបៀរនោះមែន ខណៈពេលម្ចាស់ផ្ទះមិននៅរវល់ទៅធ្វើបុណ្យឯភ្នំពេញ។ ក្រោយលួចបានពួកគេយកទៅលក់ឱ្យឈ្មោះ វ៉ាន់ ថន ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ បានតម្លៃ០១កេស៤ម៉ឺន៩ពាន់រៀល» ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ កម្លាំងប៉ូលិសការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *