គីម ជុងអ៊ុនប្រជុំបន្ទាន់ទាំងម៉ោង៣ទៀបភ្លឺដើម្បីប្រកាសបិទខ្ទប់ទូទាំងប្រទេស បន្ទាប់ពីរកឃើញករណីកូវីដ១៩ជាលើកដំបូង

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យបិទខ្ទប់ទូទាំងប្រទេស ខណៈប្រទេសនេះបានបញ្ជាក់ជាផ្លូវការនូវករណីដំបូងនៃកូវីដ១៩។

កាសែត Rodong Sinmun របស់គណបក្សពលករកាន់អំណាចរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការិយាល័យនយោបាយរបស់គណបក្សបានសម្រេចបង្កើនប្រព័ន្ធទប់ស្កាត់ជំងឺរាតត្បាតរបស់ប្រទេសដល់កម្រិត “គ្រាអាសន្នជាអតិបរមា”។

របាយការណ៍បាននិយាយថា ការវិភាគកាលពីថ្ងៃអាទិត្យនៃសំណាកដែលប្រមូលបានពីមនុស្សជាច្រើននាក់ដែលមានអាការៈគ្រុនក្តៅក្នុងរដ្ឋធានីព្យុងយ៉ាង បានបង្ហាញភាពដូចគ្នាជាមួយនឹងមេរោគអូមីក្រុង។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កូរ៉េ​ខាង​ជើង​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​អំពីការ​ឆ្លងកូវីដ១៩ក្នុង​ប្រទេស។

លោកគីមបានបញ្ជាឱ្យទីក្រុងនិងខេត្តទាំងអស់នៅទូទាំងប្រទេសត្រូវបិទខ្ទប់ឱ្យបានហ្មត់ចត់ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគពេញទំហឹង។

រូបថតដែលភ្ជាប់មកជាមួយអត្ថបទបានបង្ហាញនាយកប្រតិបត្តិគណបក្សទាំងអស់ លើកលែងតែលោកគីម បានពាក់ម៉ាស់។ នាឡិកាបង្ហាញថា កិច្ចប្រជុំបន្ទាន់ត្រូវបានកោះធ្វើឡើងភ្លាមៗមុនម៉ោង៣ទៀបភ្លឺ។

លោកគីមក៏បានកត់សម្គាល់ផងដែរថា “ការភ័យខ្លាចដោយគ្មានវិទ្យាសាស្រ្ត” និង “ឆន្ទៈខ្សោយ” គឺគ្រោះថ្នាក់ជាងវីរុសទៅទៀត។ លោក​បាន​សង្កត់​ធ្ងន់​ថា ប្រជាជន​កូរ៉េ​ខាង​ជើង​ប្រាកដ​ជា​យក​ឈ្នះ​ស្ថានការណ៍​បច្ចុប្បន្ន​ជាមួយនឹងស្មារតី​នយោបាយ​ខ្ពស់​របស់​ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *