ណាតូថាអ៊ុយក្រែនអាចឈ្នះសង្គ្រាមលើរុស្ស៊ីនិងសន្យាគាំទ្រផ្នែកយោធាដោយបើកចំហសម្រាប់ទីក្រុងគៀវ

កាលពីថ្ងៃអាទិត្យទី១៥ឧសភា អង្គការណាតូបានសន្យាគាំទ្រផ្នែកយោធាដោយបើកចំហសម្រាប់អ៊ុយក្រែន ខណៈហ្វាំងឡង់បានសាទរចំពោះការប្រឹងប្រែង “ជាប្រវត្តិសាស្ត្រ” របស់ខ្លួនដើម្បីចូលរួមសម្ព័ន្ធយោធានេះ ហើយគណបក្សកាន់អំណាចរបស់ស៊ុយអែតនិយាយថា ខ្លួនគាំទ្រការស្នើសុំចូលជាសមាជិកណាតូ។

ការសន្យានេះបានធ្វើឡើងបន្ទាប់ពីហ្វាំងឡង់បានទម្លាក់ចោលការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍ ដោយគូរវាសឡើងវិញនូវតុល្យភាពអំណាចនៅអឺរ៉ុបនិងធ្វើឱ្យវិមានក្រឹមឡាំងខឹងសម្បា។

នៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីបានប្រកាសពីការវាយប្រហារតាមអាកាសនៅភាគខាងកើតនិងនៅទីក្រុង Lviv នៅភាគខាងលិច ខណៈចារកម្មលោកខាងលិចព្យាករណ៍ថា យុទ្ធនាការរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែននឹងជាប់គាំងចំពេលមានការបាត់បង់យ៉ាងធ្ងន់ធ្ងរ និងការតស៊ូក្រាញននៀលពីអ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងបែរឡាំង លោកស្រី អានណាឡេណា បែបុក (Annalena Baerbock) រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បាននិយាយថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធា “ដរាបណាអ៊ុយក្រែនត្រូវការការគាំទ្រនេះសម្រាប់ការការពារប្រទេសរបស់ពួកគេ”។

ប្រធានអង្គការណាតូលោក Jens Stoltenberg បានបន្ថែមថា “អ៊ុយក្រែនអាចឈ្នះសង្រ្គាមនេះ។ ប្រជាជនអ៊ុយក្រែនកំពុងការពារប្រទេសកំណើតរបស់ពួកគេយ៉ាងក្លាហាន”។

គណបក្សកាន់អំណាចរបស់ស៊ុយអែតបាននិយាយថា ខ្លួនគាំទ្រការចូលជាសមាជិកណាតូ ពោលតែប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសរបស់ហ្វាំងឡង់ នៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងមតិនយោបាយនិងសាធារណៈបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

នាយករដ្ឋមន្រី្តបក្សសង្គមប្រជាធិបតេយ្យលោកស្រី Magdalena Andersson និយាយថា “អ្វីដែលល្អបំផុតសម្រាប់សន្តិសុខរបស់ស៊ុយអែតគឺយើងត្រូវដាក់ពាក្យសុំចូលជាសមាជិកឥឡូវនេះ ហើយយើងធ្វើវាជាមួយហ្វាំងឡង់”៕

Leave a Reply

Your email address will not be published. Required fields are marked *