ព្យុះខ្សាច់ទី៨វាយប្រហារអ៊ីរ៉ាក់

ព្យុះខ្សាច់មួយទៀត ដែលបានវាយប្រហារកាលពីថ្ងៃចន្ទនៅអ៊ីរ៉ាក់ បានបញ្ជូនមនុស្សយ៉ាងតិច ២.០០០ នាក់ចូលមន្ទីរពេទ្យដោយសារបញ្ហាដកដង្ហើម ហើយបាននាំឱ្យមានការបិទអាកាសយានដ្ឋាន សាលារៀន និងការិយាល័យសាធារណៈនៅទូទាំងប្រទេស។

វាគឺជាព្យុះធូលីទីប្រាំបីចាប់តាំងពីពាក់កណ្តាលខែមេសា ដែលបានវាយប្រហារអ៊ីរ៉ាក់ ដែលរងការបំផ្លាញដោយការរេចរិលដី គ្រោះរាំងស្ងួតខ្លាំង និងភ្លៀងធ្លាក់ទាបទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។

ករណីព្យុះខ្សាច់ចុងក្រោយនៅដើមខែនេះបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ខណៈមនុស្ស ៥.០០០ នាក់ផ្សេងទៀតត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារបញ្ហាផ្លូវដង្ហើម។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយថា កាលពីថ្ងៃចន្ទពពកធូលីដ៏ក្រាស់ឃ្មឹកបានហ៊ុមព័ទ្ធរដ្ឋធានីបាកដាដ ហើយបានគ្របដណ្ដប់ទីក្រុងជាច្រើនផ្សេងទៀត រួមទាំងទីក្រុងទីសក្ការបូជានិកាយស៊ីអ៊ីត ណាចាហ្វ (Najaf) នៅភាគខាងត្បូង និងទីក្រុងស៊ូឡាយម៉ានីយ៉ា (Sulaimaniyah) ក្នុងតំបន់ស្វយ័តឃឺដភាគខាងជើង។

ខ្សាច់ពណ៌លឿងនិងពណ៌ទឹកក្រូចគ្របដណ្តប់លើដំបូលអគារ រថយន្ត និងសូម្បីចូលទៅក្នុងផ្ទះសម្បែងទៀតផង។

អាជ្ញាធរនៅក្នុងខេត្តចំនួនប្រាំពីរនៃខេត្តចំនួន ១៨ របស់អ៊ីរ៉ាក់ រួមទាំងទីក្រុងបាកដាដ បានបញ្ជាឱ្យបិទការិយាល័យរដ្ឋាភិបាល។

ប៉ុន្តែគ្រឹះស្ថានសុខាភិបាលនៅតែបើកទ្វារដើម្បីជួយដល់អ្នកដែលមានហានិភ័យបំផុត រួមទាំងមនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូង៕

Leave a Reply

Your email address will not be published. Required fields are marked *