ទាហានស៊ីឈ្នួលសម្លាប់ឈ្លើយសឹកដ៏ល្បីមួយរូបរបស់រុស្ស៊ីបានស្លាប់ក្នុងប្រទេសអ៊ុយក្រែន

អ៊ុយក្រែន ៖ ទាហានស៊ីឈ្នួលជនជាតិរុស្ស៊ីម្នាក់ ដែលល្បីខាងសម្លាប់ឈ្លើយសឹកនិងជនស៊ីវិលនៅតំបន់ដុនបាស ត្រូវបានសម្លាប់ហើយក្នុងពេលប្រយុទ្ធគ្នានៅអ៊ុយក្រែន កាលពីពេលថ្មីៗនេះ ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា លោក Vladimir Andonov អាយុ៤៤ឆ្នាំ ដែលមានឯកទេសខាងកម្ទេចខ្មាំង និង ឈ្លបយកការណ៍នៅក្នុងក្រុមយោធាស្រមោលឈ្មោះ Wagner Group ត្រូវបានបាញ់សម្លាប់ដោយអ្នកលបបាញ់កាំភ្លើងស៊ីបរបស់អ៊ុយក្រែននៅជិតទីក្រុងខាគីវ ក្នុងអំឡុងបេសកកម្មពេលរាត្រី កាលពីថ្ងៃទី ៥ខែមិថុនាកន្លងទៅ។

លោក Andonov ត្រូវបានជនជាតិរុស្ស៊ីស្គាល់ជាទូទៅថា «Vakha» ឬ «អ្នកស្ម័គ្រចិត្តមកពី Buryatia» ប៉ុន្តែចំពោះជនជាតិអ៊ុយក្រែន គាត់គឺជា «ពេជ្ឈឃាដ» ដោយសារតែការសម្លាប់រង្គាលដែលគាត់បានប្រព្រឹត្តក្នុងអំឡុងការឈ្លានពានដំបូងរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។

គាត់គឺជាផ្នែកមួយនៃអង្គភាព «រំដោះ» ទីក្រុង Logvinovo នៃតំបន់ដុនបាសនៅដើមឆ្នាំ ២០១៥ ជាកន្លែងដែលឈ្លើយសឹក អ៊ុយក្រែនបីនាក់ ត្រូវបានប្រហារជីវិតនៅក្នុងផ្នូររាក់មួយ ដែលក្នុងនោះមានឈ្លើយសឹកម្នាក់ត្រូវបានបាញ់ចំភ្នែក។

Vladimir Andonov ធ្លាប់បានអួតអំពីបេសកកម្មនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រួមទាំងរបៀបដែលអង្គភាពរបស់គាត់ត្រូវបានណែនាំឱ្យ «កម្ទេចខ្មាំងឱ្យអស់»ហើយថា «គ្មានអ្នករួចរស់ជីវិត» ពីការវាយប្រហារនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *