អាមេរិក ៖ ទាហានម៉ារីនទាំង៥នាក់ ដែលជិះលើយន្តហោះយោធាអាមេរិកមួយគ្រឿង ដែលធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ត្រូវបានបញ្ជាក់ថា«ស្លាប់ទាំងអស់»កាលពីថ្ងៃព្រហស្បតិ៍ទី៩មិថុនាឆ្នាំ២០២២ ។
យន្តហោះធុន MV-22B Osprey របស់ពួកគេបានធ្លាក់ក្នុងអំឡុងបេសកកម្មហ្វឹកហាត់ កាលពីថ្ងៃពុធនៅជិតតំបន់Glamis ស្ថិតនៅចម្ងាយ ៣៥ គីឡូម៉ែត្រ ពីព្រំដែនប្រទេសម៉ិកស៊ិក។
លោកឧត្តមសេនីយ៍ទោ Bradford J. Gering នៃកងម៉ារីនទ័ពអាកាសទី៣ បាននិយាយថា «យើងសូមកាន់ទុក្ខចំពោះការបាត់បង់ទាហានម៉ារីនរបស់យើងនៅក្នុងសោកនាដកម្មនេះ។ យើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកគេ នៅពេលដែលពួកគេស៊ូទ្រាំនឹងសោកនាដកម្មនេះ»។
អ្នកនាំពាក្យយោធានិយាយថា «ការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់នេះកំពុងដំណើរការ»។ មុននេះរបាយការណ៍លើបណ្តាញសង្គមអះអាងថា «យន្តហោះនេះបានផ្ទុកសារធាតុវិទ្យុសកម្ម ប៉ុន្តែដំណឹងនេះត្រូវបានច្រានចោលទាំងស្រុងដោយអ្នកនាំពាក្យយោធា»៕

