បរទេស ៖ កូនកំលោះ ដែលវាយក្បាលកូនក្រមុំ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ ប្រឈមជាក់ពន្ធនាគារ១៥ថ្ងៃក្រោយមានការប្រតិកម្មខ្លាំងក្លាពីសំណាក់ពលរដ្ឋ ជាពិសេសស្រ្តីទូទៅ រួមនឹងកូនស្រីរបស់ប្រធានាធិបតី អ៊ូសបេគីស្ថាន ក៏ថ្កោលទោសករណីនេះដែរ ។ នេះបើយោង តាមកាសែតដេលី មែល ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។
រូបភាពវីដេអូ កូនកំលោះវាយកូនក្រមុំ នៅលើឆាក បានកើតឡើង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់Surkhandaryo ភាគខាងត្បូង ប្រទេសអ៊ូសបេគីស្ថាន ខណៈពួកគេប្រកួតល្បែងហ្គេមមួយ ដែលរៀបចំដោយភ្ញៀវដើម្បីកម្សាន្ត ក្រោយមកវីដេអូនេះ បានល្បីសុះសាយ នៅលើប្រព័ន្ធអ៉ីនធឺណិត ។
វីដេអូនេះក៏ បានទាក់ទាញ ចំណាប់អារម្មណ៍ អ្នកនាង Saida Mirziyoyeva ជាកូនស្រី របស់ប្រធានាធិបតីអ៊ូសបេគីស្ថាន រួចអ្នកនាងបានថ្កោលទោស ទង្វើមួយនេះ និង ជំរុញឱ្យប៉ូលិស តាមរកប្តីប្រពន្ធនេះ ។
ក្រុមមន្ត្រីបាននិយាយថា បុរសនេះឥឡូវនេះត្រូវបានចោទប្រកាន់ ពីបទ «ប្រព្រឹត្តហិង្សា» ប្រឈមមុខនឹងការជាប់ពន្ធនាគារត្រឹមតែ ១៥ ថ្ងៃ និង ពិន័យជាប្រាក់ ប្រសិនបើរកឃើញថា «មានទោសកំហុសមែន» ។
ក្រុមគណៈកម្មការបាននិយាយថា កូនកំលោះរូបនេះបាន «សុំទោសកូនក្រមុំ និងសម្តែងការសោកស្តាយ ចំពោះទង្វើរបស់គាត់ ក្នុងសវនាការនៅសង្កាត់មួយ ដែលមានការចូលរួម ដោយចាស់ទុំ ក្នុងសហគមន៍ និងសាច់ញាតិ របស់ប្តីប្រពន្ធនេះ ។ ក្រោយផ្សះផ្សាគ្នា កូនកំលោះនិងកូនក្រមុំ ក៏យល់ព្រមរួមរស់ជាមួយគ្នា»។
អ្នកនាង Saida Mirziyoyeva កូនស្រី របស់ប្រធានាធិបតីអ៊ូសបេគីស្ថាន និយាយថា « យើងមិនគួរនៅស្ងៀមចំពោះករណីបែបនេះទេ យើងមិនគួរធ្វើពុត ថារឿងនេះកើតឡើងតែម្តង គឺចប់ហើយនោះទេ,យើងត្រូវការការអប់រំជាសាធារណៈ និងធ្វើឱ្យស្ត្រីឯករាជ្យ និង មានភាពរឹងមាំ » ៕


