ប៉ូលិសឥណ្ឌា វាយបាតុករជាប់ឃុំ ឥតប្រណីដៃ

ឥណ្ឌា ៖ វីដេអូមួយ ដែលបានបង្ហាញប៉ូលិសឥណ្ឌាវាយដំ លើក្រុមបាតុករមូស្លីមនៅក្នុងមន្ទីរឃុំឃាំង ត្រូវបានមើលដោយមនុស្សរាប់លាននាក់ បន្ទាប់ពីត្រូវបានពួកគេចែករំលែក ដោយសមាជិកជាប់ឆ្នោតម្នាក់ នៃ គណបក្សកាន់អំណាច BJP ដែលបានសរសើរសកម្មភាពដ៏ឃោរឃៅរបស់ប៉ូលិសថាជា «កាដូ»ដល់ក្រុមបុរសទាំងនោះ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​ចំពោះ​មន្ត្រី​ប៉ូលិសពាក់ព័ន្ធទាំង​នោះ​ទេ។ ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​រង​នូវការ​វាយដំនេះ បាន​និយាយ​ថា «មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​គ្មាន​ទោសកំហុសទេហើយ​គួរ​តែ​ឱ្យពួកគេមាន​សេរីភាព»។

នាង Zeba បាននិយាយថា «នេះ​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ គេ​វាយ​គាត់​ខ្លាំង​ណាស់ គាត់​ស្រែកយ៉ាងឈឺចាប់​ខ្លាំង​ណាស់»។នាង Zeba បានត្រឹមសម្រក់ទឹកភ្នែក និង ញ័រដៃ ខណៈនាងកាន់ទូរសព្ទដៃមើលវីដេអូដ៏គួរខ្លោចចិត្តរបស់ប្អូនប្រុងនាងឈ្មោះ Saif ។

នាងបាននិយាយថា «ខ្ញុំមិនអាចសូម្បីតែមើលវីដេអូនេះ គាត់កំពុងរងការវាយដំយ៉ាងធ្ងន់ធ្ងរ» ខណៈនាងត្រូវបានលួងលោមដោយសាច់ញាតិនៅផ្ទះរបស់នាងក្នុងទីក្រុង Saharanpur ភាគខាងជើងប្រទេសឥណ្ឌា។

​វីដេអូ​ខាងលើនេះ បាន​បង្ហាញ​ប៉ូលិស​ឥណ្ឌា​ពីរ​នាក់​កំពុងយកដំបងវាយលើ​ក្រុម​បុរស​មូស្លីម​ដែល​កំពុង​ជាប់​ឃុំ​ ក្នុង​នោះ​រួមមាន​ទាំង​ប្អូន​ប្រុស​របស់នាង Zeba ផង​ដែរ។

គេអាចមើល​ឃើញ​ពួក​មន្ត្រី​វាយ​បុរសទាំងនោះ​ដោយ​ដំបង ដែលហាក់ដូចជាពួកគេកំពុង​វាយ​កូន​បាល់យ៉ាងអីចឹង។សំឡេង​ស្រែកឈឺចាប់បានលាន់ឮទ្រហឹងពេញមន្ទីរឃុំឃាំង។ បុរសមួយចំនួនស្រែកថា «ឈឺណាស់ ឈឺណាស់…សូមឈប់វាយទៅ!» ខណៈ​ពួក​គេបែរ​ខ្នងទល់ជញ្ជាំងទាំងក្តីរន្ធត់។

ខណៈការវាយនៅតែបន្ត បុរសពាក់អាវយឺតពណ៌បៃតងម្នាក់បានលើកដៃបន់ស្រន់ដល់ព្រះ។ Saif ពាក់​អាវ​ពណ៌​ស ក៏ឃើញ​លើក​ដៃសំពះសុំចុះចាញ់ប៉ូលិសផងដែរ។ Saif អាយុ ២៤ ឆ្នាំ គឺជាបុរសមូស្លីមម្នាក់ក្នុងចំណោមបុរសអ៊ីស្លាមរាប់សិបនាក់ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសកាលពីសប្តាហ៍មុន។

មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅវិហារអ៊ីស្លាមក្នុងទីក្រុង Saharanpur បន្ទាប់ពីការអធិស្ឋានកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយចូលរួមការតវ៉ាទូទាំងប្រទេស ជុំវិញការលើកឡើងដ៏ក្តៅគគុកអំពីព្យាការីម៉ូហាម៉េត ដែលធ្វើឡើងដោយលោកស្រី Nupur Sharma ជាអ្នកនាំពាក្យសម្រាប់គណបក្សជាតិនិយមហិណ្ឌូកាន់អំណាច Bharatiya Janata (BJP) ។

ក្រោយ​មក គណបក្ស​បាន​ព្យួរការងាររបស់​លោកស្រី​ចំ ពេល​មាន​ការ​តវ៉ា​ពី​ប្រជាជនអ៊ីស្លាម ហើយ​បាន​និយាយ​ថា«ខ្លួន​ប្រឆាំង​នឹង​ការ​ប្រមាថ​សាសនា​ទាំងឡាយ»៕

Leave a Reply

Your email address will not be published. Required fields are marked *