បរទេស ៖ វីដេអូមួយបានបង្ហាញសត្វគោរាប់ពាន់ក្បាល បានដេកងាប់ក្រោមពន្លឺថ្ងៃដ៏ក្តៅនៃរដ្ឋ Kansas ចំពេលមានរលកកម្ដៅ នៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់សមាគមបសុសត្វ របស់រដ្ឋ Kansas បាននិយាយថា សម្ពាធកម្តៅបានសម្លាប់សត្វគោទាំងនេះខណៈសីតុណ្ហភាព និង សំណើមបានកើនឡើងកាលពីចុងសប្តាហ៍ និង ពុំមានខ្យល់ត្រជាក់បក់មកនោះទេ។
ការងាប់សត្វគោដ៏ច្រើនបែបនេះត្រូវគេគិតថា បានកើតឡើងនៅក្នុងតំបន់ Ulysses ប៉ុន្តែទោះយ៉ាងណាវេបសាយMailOnline មិនអាចបញ្ជាក់ដោយឯករាជ្យពីកន្លែងដែលវីដេអូនេះត្រូវបានថតនោះទេ។
វីដេអូនេះបានបង្ហាញសត្វគោដេកងាប់ផ្ងារពោះតម្រៀបជួរគ្នា ខណៈអ្នកបើកឡានម្នាក់ ថតវីដេអូហើយបង្ហោះចូលTikTok។
រដ្ឋ Kansas បាននិយាយថា កម្តៅនិងសំណើមខ្លាំងបានសម្លាប់សត្វគោរាប់ពាន់ក្បាលនៅក្នុងរដ្ឋ Kansas ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈសីតុណ្ហភាពក្តៅដូចភ្លើងកំពុងបន្តគំរាមកំហែងដល់សត្វចិញ្ចឹម។ សីតុណ្ហភាពដែលបានរាយការណ៍សម្រាប់តំបន់ Ulysses កាលពីថ្ងៃទី ១១ ខែមិថុនាកន្លងទៅ គឺ ៣៨ អង្សាសេ។
លោក Drew Lerner ប្រធានក្រុមហ៊ុន World Weather Inc បាននិយាយថា «សីតុណ្ហភាពបានឡើងដល់ ៤២អង្សាសេនៅភាគពាយព្យនៃរដ្ឋ Kansas គិតត្រឹមថ្ងៃចន្ទទី១៣មិថុនា»៕

