បរទេស ៖ រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិន បន្ទាប់ពីបានបញ្ចុះថ្លៃប្រេងដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
ប្រទេសរុស្ស៊ីបានជំនួសប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ចិន បន្ទាប់ពីការកើនឡើងការផ្គត់ផ្គង់ ៥៥ ភាគរយ ក្នុងឆ្នាំកន្លងទៅ បានអនុញ្ញាតឱ្យរដ្ឋចិនទាញយកប្រយោជន៍ពីតម្លៃប្រេងទាប ដែលបង្កឡើងដោយសារប្រទេសលោកខាងលិចមិនព្រមទិញប្រេងពីរុស្ស៊ី។
ការនាំចេញប្រេងរបស់រុស្ស៊ីទៅចិនមានចំនួនសរុបជិត ៨,៤២ លានតោន ក្នុងខែឧសភា ដោយវ៉ាដាច់អារ៉ាប៊ីសាអូឌីត ដែលបាននាំចេញប្រេងទៅប្រទេសចិនចំនួន ៧,៨២ លានតោន។
ក្រុមហ៊ុនរដ្ឋយក្សរបស់ចិន Sinopec និង Zhenhua Oil បានបង្កើនការទិញប្រេងឆៅរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានចម្រាញ់ប្រេង និងលក់វានៅលើទីផ្សារវិញ។
ការបញ្ចុះតម្លៃប្រេងរុស្ស៊ីរហូតដល់ ៣០ ភាគរយបានធ្វើឱ្យខូចដល់ទណ្ឌកម្មរបស់លោកខាងលិច និងបង្កឱ្យមានការបារម្ភថា «រុស្ស៊ីនឹងបន្តស្វែងរកមូលនិធិសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន»។
កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងខ្យល់ស្អាតបាននិយាយថា «រុស្ស៊ីរកបានប្រាក់ចំណូលជិត១០០ ពាន់លានដុល្លារពីការនាំចេញឥន្ធនៈហ្វូស៊ីល ក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃការលុកលុយលើប្រទេសអ៊ុយក្រែន។
សហភាពអឺរ៉ុបមានចំណែកនាំចូលប្រេងរុស្ស៊ី ៦១ ភាគរយ ដែលមានតម្លៃប្រហែល ៥៩ ពាន់លានដុល្លារ។
តម្លៃប្រេងបានកើនឡើងជាង ៦០ ភាគរយក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដោយឡើងដល់ ១១២ ដុល្លារក្នុងមួយបារ៉ែល សម្រាប់តម្លៃប្រេងឆៅស្តង់ដារអន្តរជាតិ គិតត្រឹមថ្ងៃចន្ទទី២០មិថុនាឆ្នាំ២០២២៕

