រញ្ជួយដីដ៏សាហាវ ឆក់យកជីវិតប្រជាជនអាហ្វហ្គានីស្ថានជាង១០០០នាក់ ខណៈតួលេខស្លាប់អាចកើនឡើងច្រើនទៀត

បរទេស ៖ ក្រុមមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃពុធថា «រញ្ជួយដីដ៏ខ្លាំងបានវាយប្រហារតំបន់ដាច់ស្រយាលតាមព្រំដែនអាហ្វហ្គានីស្ថានទាំងយប់ ដោយសម្លាប់មនុស្សជាង ១.០០០ នាក់ និង របួសជាង ១.៥០០នាក់ ខណៈចំនួនអ្នកស្លាប់រំពឹងកើនឡើងច្រើនទៀត ស្របពេលដែលក្រុមជួយសង្គ្រោះកំពុងជីកកកាយគំនរបាក់បែករកអ្នកនៅរស់។

រញ្ជួយដីកម្រិត ៥,៩ រិច្ឆទ័រ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតនៅតំបន់ភ្នំភាគខាងកើត ជាកន្លែងដែលប្រជាជនកំពុងរស់នៅក្នុងជីវភាពលំបាករួចជាស្រេច ចាប់តាំងពីការកាន់កាប់អំណាចរបស់ពួកតាលីបង់ កាលពីខែសីហាមក ។

លោក Mohammad Amin Huzaifa ប្រធាននាយកដ្ឋានព័ត៌មាននិងវប្បធម៌នៃខេត្ត Paktika ដែលរងគ្រោះខ្លាំងជាងគេ បាននិយាយថា «មនុស្សកំពុងជីកផ្នូរមួយហើយមួយទៀត ហើយយ៉ាងហោចណាស់មនុស្ស ១.០០០ នាក់បានស្លាប់នៅក្នុងខេត្តនេះតែឯង»។ លោក​បាន​និយាយ​បន្តថា មនុស្ស​ជាង ១.៥០០​ នាក់​បាន​រង​របួស ក្នុងនោះភាគច្រើនរងរបួសធ្ងន់។ លោកបានប្រាប់អ្នកកាសែតថា «មនុស្សជាច្រើននៅកំពុងជាប់នៅក្រោមគំនរបាក់បែក»។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយថា «អង្គការសកលនេះ កំពុងប្រមូលផ្តុំគ្នាយ៉ាងពេញលេញ ដើម្បីជួយអាហ្វហ្គានីស្ថាន» ខណៈក្រុមមន្ត្រីអ.ស.បបានបញ្ជាក់ពីការដាក់ពង្រាយក្រុមសុខាភិបាល និង ការផ្គត់ផ្គង់ថ្នាំពេទ្យ អាហារ ឧបករណ៍ព្យាបាលរបួស និង ជម្រកសង្គ្រោះបន្ទាន់ទៅកាន់តំបន់រញ្ជួយដី។

ចំនួនអ្នកស្លាប់បានកើនឡើងជាលំដាប់ ខណៈព័ត៌មានអំពីអ្នកស្លាប់និងរបួសកំពុងទទួលបានបណ្តើរៗពីតំបន់ភ្នំ ដែលពិបាកចូលទៅដល់ ហើយមេដឹកនាំកំពូលរបស់ប្រទេសគឺលោក ហ៊ីបាទូលឡាស អាឃុនហ្សាដា (Hibatullah Akhundzada) បានព្រមានថា «ចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនថែមទៀត»៕ 

Leave a Reply

Your email address will not be published. Required fields are marked *