ចាប់បាន៦នាក់ ក្រុមជួញដូរអាវុធ និង បាញ់អធិការរងម្នាក់រងរបួស នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ក្រុមជនសង្ស័យសរុប៦នាក់ ត្រូវបានសមត្ថកិច្ចតាមបង្ក្រាបបានជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធករណីជួញដូរអាវុធ និង បាញ់អធិការរងប៉ូលិសម្នាក់រងរបួសចំជើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២២ នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា ក្រោយពីទទួលបានព័ត៌មានភ្លាម ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌ បានសហការជាមួយលោកស្នងការខេត្តព្រះសីហនុ និង សមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវតាមចាប់ជនដៃដល់ និង បក្ខពួក បានជាបន្តបន្ទាប់ នៅខេត្តឧត្ដរមានជ័យ ខេត្តរតនគីរី និង ខេត្តកណ្ដាល ។

ជាលទ្ធផលចាប់ខ្លួនជនសង្ស័យសរុប៦នាក់ ក្នុងនោះ៣នាក់ ជាជនជាតិវៀតណាម ជាជនដៃដល់ ជាប្រពន្ធជនដៃដល់ជាបក្ខពួក និង ៣នាក់ទៀតជនជាតិខ្មែរ ជាអ្នកជួញដូរអាវុធ រួចដកហូតវត្ថុតាងរួមមាន អាវុធខ្លីវែងចំនួន០៣ដើម ,បំពង់ខ្ទប់សំឡេង ចំនួន១០ , គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់ ,បង់ចំនួន០៦ ( ខ្លីចំនួន០៤និងវែងចំនួន០២) និងសម្ភារជួសជុលអាវុធមួយចំនួន ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ទៅឱ្យអធិការដ្ឋានប៉ូលិសក្រុងព្រះសីហនុ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *