រថយន្តតូចធំ៣គ្រឿងបើកបុកគ្នា លើកំណាត់ផ្លូវជាតិលេខ៦ របួសមនុស្ស៣នាក់

សៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូចធំ៣គ្រឿង បើកបរច្រាសទិសគ្នា នៅចំណុចលើផ្លូវជាតិលេខ៦ មុខផ្លូវចូលស្តាតថ្មី ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៣និង២០នាទី ទៀបភ្លឺ បណ្តាលឱ្យខូចរថយន្តធ្ងន់ធ្ងរទាំង៣គ្រឿង និង របួសមនុស្ស៣នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានរថយន្តមួយគ្រឿងម៉ាកNISSAN ពណ៌ស ស្លាកលេខ ភ្នំពេញ2Y-9167 បើកបរដោយឈ្មោះហូ លីន ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

លុះមកដល់ចំណុចខាងលើក៏បុកជាមួយរថយន្តក្រុង ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ3F-3399  បើកបរដោយឈ្មោះ តន សុភាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ៣ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពុងចាម (គ្មានរបួស)បើកបរមានទិសដៅពីកើតទៅលិច ហើយបែកកង់រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកLEXUS RX330  ពណ៌ស ស្លាកលេខ ភ្នំពេញ2AZ-5719 ដែលបើកបរដោយមិនស្គាល់អត្តសញ្ញាណ(រត់បាត់)មានទិសដៅពីកើតទៅលិច ។

សមត្ថកិច្ចបន្តទៀតថា គ្រោះថ្នាក់ខាងលើនេះបណ្តាលឱ្យខូចខាតរថយន្តចំនួន ០៣គ្រឿងធ្ងន់ធ្ងរ និង រងរបួសមនុស្សស្រាល៣នាក់ គឺអ្នកបេីកបរ និងអ្នករួមដំណើរ ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក។ ចំណែករថយន្តទាំងបីគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកប្រាសាទបាគង ដើម្បីអនុវត្តនីតិវិធីបន្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *