ចោរ២នាក់កាប់ប្លន់យកកាបូបលុយ , ប៉ូលិសស្រុកព្រៃនប់ចាប់បានម្នាក់

ព្រះសីហនុ ៖ កម្លាំងប៉ូលិសជំ​នាញស្រុកព្រៃនប់ បានចុះបង្ក្រាបករណីអំពើចោរកាប់ប្លន់កាបូបលុយ ពីជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលបង្កឡើងដោយជនសង្ស័យ២​នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១រសៀល នៅលើដងផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ហើយប៉ូលិសឃាត់ខ្លួនបានម្នាក់។

ប៉ូលិសនិយាយថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការប៉ូលិសខេត្តព្រះសីហនុ កម្លាំងប៉ូលិសស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ចំណោម២នាក់រួមមាន ១-ឈ្មោះ ឡាត់ ជីវរភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិតប្រាកដ មានទីលំ​នៅ​ភូមិទ្រា៤ សង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ និង ២-ឈ្មោះ យុ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត​ប្រាកដ រស់នៅសង្កាត់បឹងត្របែកខណ្ឌចំការមន រាជ​ធានីភ្នំពេញ(គេចខ្លួន)។                  

ប៉ូលិសបន្តថា ជនសង្ស័យទាំង២នាក់ បានធ្វើសកម្ម​ភា​ពទាញយកកាបូបហើយប្រើច្រវាក់និងកាំបិតប៉័ងតោ ដេញកាប់ប្លន់យកកាបូបលុ​យរបស់ជនរង​គ្រោះ ២ នាក់ប្ដីប្រពន្ធ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ខណៈពេលជនរងគ្រោះពីរនាក់ប្ដីប្រ​ពន្ធជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ត្រ​ឡប់មកផ្ទះវិញ ។

ក្រោយពេលធ្វើសកម្មភាពរួច កម្លាំងប៉ូលិសបានឃាត់ជន​សង្ស័យម្នាក់ឈ្មោះឡាត់ ជីវរ និងដកហូតវត្តុតាងមួយចំនួនក្នុងរួមមាន សាច់ប្រាក់សុទ្ធ ,ម៉ូតូ ,គ្រឿងអលង្ការ និងទូរសព្ទ។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *