កណ្តាល ៖ ក្រុមចោរម្នាក់ ចំណោមបក្ខពួក៤នាក់ ត្រូវបានប៉ូលិសស្រុកមុខកំពូល ឃាត់ខ្លួនកាលពីថ្ងៃពុធ ទី២២ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង១០និង២០នាទី បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ាសុីនបូមទឹក នៅចំណុចដីដាំត្រកួនរបស់ឈ្មោះ ឈិន លី ភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោយពីសាកសួរជនសង្ស័យសារភាពថា«ខ្លួននិងបក្ខពួកធ្លាប់លួចម៉ាស៊ីនបូមទឹក២០លើកមកហើយ»។
ប៉ូលិសនិយាយថា ជនរងគ្រោះចុងក្រោយឈ្មោះ ឈុន លី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែ រ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល បាត់បង់ម៉ាស៊ីនបូមទឹកមួយគ្រឿង ។
ចំណែកជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ឆូយ ពិសិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល (ឃាត់ខ្លួន), ២-ឈ្មោះ ឆូយ ចាន់ ហៅពាង ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល(គេចខ្លួន), ៣-ឈ្មោះ ស្រ៊ុន ពៅភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល(គេចខ្លួន) និង ៤-ឈ្មោះ ហេង ជា ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ មានទីលំនៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល(គេចខ្លួន)ជាអ្នកទទួលទិញម៉ាស៊ីនបូមទឹក។
វត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FC-4357 ជារបស់ជនសង្ស័យ, ម៉ាស៊ីនបូមទឹក ម៉ាកយ៉ាន់ម៉ា កម្លាំង ៧ សេស ពណ៌ក្រហម (គ្មានធុងប្រេង)ចំនួន០១គ្រឿងជារបស់ជនរងគ្រោះ។
ប៉ូលិសបន្តថា កន្លងមកជនសង្ស័យនិងបក្ខពួកជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និង ធ្លាប់ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់របស់ប្រជាពលរដ្ឋជាច្រើនលើក។លុះនៅថ្ងៃទី២២មិថុនា ឆ្នាំ២០២២ វេលាម៉ោង១០ព្រឹកជនសង្ស័យនិងបក្សពួកឈ្មោះ ឆូយ ពាង និងឈ្មោះ ស្រ៊ុន ពៅ បាននាំគ្នាជិះម៉ូតូចេញពីចំណុចមេទឹកស្រ៊ូល ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ក្នុងគោលបំណងទៅលួចម៉ាស៊ីនបូមទឹករបស់អ្នកភូមិនៅចំណុចកើតហេតុខាងលើ ។
ពេលជិះម៉ូតូទៅជិតដល់ចំណុចកើតហេតុ ជនសង្ស័យបានទុកម៉ូតូនៅផ្លូវខាងលើ ហើយជនសង្ស័យឈ្មោះ ឆូយ ពិសិទ្ធនិងឈ្មោះ ស្រ៊ុន ពៅ បានដើរទៅធ្វើសកម្មភាពលួច ម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះ ដែលទុកសម្រាប់បូមទឹកនៅកន្លែងកើតហេតុ ។បន្ទាប់មកជនសង្ស័យទាំងពីរនាក់ក៏បាននាំគ្នាសែងម៉ាស៊ីនបូមទឹកនោះគោលបំណងយកមកដាក់លើម៉ូតូដើម្បីឌុបយកទៅលក់ ។
ខណៈពេលកំពុងសែងម៉ាស៊ីនបានចម្ងាយប្រហែល៥០ម៉ែត្រ ក៏មានប្រជាពលរដ្ឋដែលដើរទៅមើលដំណាំរបស់គាត់នៅក្បែរនោះ ឃើញជនសង្ស័យកំពុងសែងម៉ាស៊ីនបូមទឹក ក៏នាំគ្នាចាប់ជនសង្ស័យ បានម្នាក់ឈ្មោះ ឆួយ ពិសិទ្ធ និងវត្ថុតាង ,ចំណែកជនសង្ស័យឈ្មោះ ស្រ៊ុន ពៅ និងឈ្មោះ ឆូយ ពាង នាំគ្នារត់គេចខ្លួនបាត់។
បន្ទាប់មកប្រជាពលរដ្ឋក៏បានទូរសព្ទរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយអំពារ ,ក្រោយពីទទួលព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍ និងកម្លាំងប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា«កន្លងមកខ្លួននិងបក្សពួក ធ្លាប់ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋ ដែលទុកបូមទឹកដាក់ដំណាំ នៅខាងក្រោយភូមិនោះចំនួន២០លើកមកហើយ ,ពេលធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋបានម្ដងៗ ខ្លួននិងបក្សពួកបានយកទៅលក់ឱ្យឈ្មោះ ហេង ជា នៅភូមិស្វាយអំពារ ដែលជាអ្នកទិញអេតចាយ ក្នុងម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង លក់បានតម្លៃ១០០០០០រៀល។លុះនៅថ្ងៃទី២២មិថុនាឆ្នាំ២០២២វេលាម៉ោង១០និង ២០នាទី ខ្លួននិងបក្សពួក បាននាំគ្នាទៅធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះបន្តទៀត ហើយក៏ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន ប្រគល់ឱ្យសមត្ថកិច្ចពិតមែន»។
ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូល កសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕



