បាត់បង់ជីវិតមនុស្ស១២នាក់ របួសជាង២៥០នាក់ ដោយសារផ្ទុះហ្គាសលឿងនៅហ្សកដានី

បរទេស ៖ អាជ្ញាធរបាននិយាយថា ការផ្ទុះឧស្ម័នក្លរីន (ហ្គាសលឿងគ្មានក្លិន) បានសម្លាប់មនុស្ស ១២ នាក់ និងរបួសជាង ២៥០ នាក់កាលពីថ្ងៃចន្ទម្សិលមិញ នៅពេលស៊ីទែនដែលធ្លាក់ចេញពីម៉ាស៊ីនស្ទូចបានបញ្ចេញពពកផ្សែងពុលពណ៌លឿងនៅឯកំពង់ផែ Aqaba របស់ហ្សកដានី។

វីដេអូរបស់ទូរទស្សន៍រដ្ឋ Al-Mamlaka បានបង្ហាញស៊ីទែនហ្គាសដ៏ធំដែលផ្ទុកហ្គាសលឿងប្រហែល ៣០ តោនដោយធ្លាក់ពីដងស្ទូចនៅលើកប៉ាល់ ហើយបញ្ចេញពពកឧស្ម័នក្លរីនយ៉ាងព្រៃផ្សៃ។ កម្លាំង​ផ្ទុះ​នេះ​បានបំប៉ើងឡាន​ដឹក​ទំនិញមួយគ្រឿងនៅក្នុងកំពង់ផែ ខណៈ​កម្មករ​កំពង់​ផែ​បាន​នាំគ្នារត់គេចខ្លួន​។

អង្គភាពដោះស្រាយវិបត្តិរបស់រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅម៉ោង៣និង១៥នាទីរសៀលនេះ ការលេចធ្លាយឧស្ម័នក្លរីនបានកើតឡើងនៅកំពង់ផែអាកាបា ដែលកើតចេញពីការធ្លាក់និងការផ្ទុះស៊ីទែនផ្ទុកសារធាតុនេះ»។

អង្គភាពបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១២ នាក់ជាមួយនឹងអ្នករបួសចំនួន ២៦០ នាក់ មានទាំងជនជាតិហ្សកដានីនិងជនបរទេស ដោយបន្ថែមថាអ្នករងរបួសស្ទើរតែពាក់កណ្តាលកំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ។

អង្គភាពដដែលបន្តថា «មនុស្សនៅតំបន់ក្បែរនោះត្រូវបានជម្លៀសចេញ ហើយអ្នកស្រុកត្រូវបានប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ ខណៈអ្នកសង្គ្រោះបានហ៊ុមព័ទ្ធ ៥០០ ម៉ែត្រនៅជុំវិញទីតាំងកើតហេតុ»៕

Leave a Reply

Your email address will not be published. Required fields are marked *