បាត់ដំបង ៖ សមត្ថកិច្ចនគរបាលស្រុកកំរៀង ឃាត់រថយន្តមួយគ្រឿង ដឹកប្រហិតចម្រុះខូចគុណភាព ជាងពីរតោនចូលពីប្រទេសថៃនៅវេលាម៉ោ១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។
សមត្ថកិច្ចឱ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំ កម្លាំងផ្នែកជំនាញ ឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម2A-0087 បើកបរដោយឈ្មោះ សុខ ចាន់ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានត្រួតពិនិត្យ លើរថយន្តឃើញ មានប្រហិតចម្រុះខូចគុណភាព ប្រមាណជាង២,០០០គីឡូក្រាម ដែលផ្ទុកពេញរថយន្តរួចបញ្ជូនទាំងម្ចាស់និងប្រហិតចម្រុះទាំងនេះ មកកាន់ការិយាល័យជំនាញ នៅស្នងការដ្ឋាន ដើម្បីអនុវត្ត បន្តតាមនីតិវិធីច្បាប់ ៕

