ទើបចេញពីជប់លាង បើករថយន្តធ្លាក់ប្រឡាយ ស្លាប់ប្រពន្ធឯប្ដីរួចជីវិត

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិត ឯប្ដីរួចផុតពីសេចក្ដីស្លាប់ ក្នុងហេតុការណ៍ រថយន្តធ្លាក់ប្រឡាយ កាលពីវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចខាងត្បូង ក្រសួងដែនដីនគររូបន័យកម្មនិងសំណង់ ប្រហែល២០០ម៉ែត្រ តាមបណ្តោយផ្លូវហ្គ្រេនភ្នំពេញ ឬហៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ 

ស្រ្តីខាងលើមានឈ្មោះ កង ភក្តី អាយុ៤១ឆ្នាំ រស់នៅផ្ទះE2 ផ្លូវE ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំណែកឯប្ដី មិនទាន់ស្គាល់អត្តសញ្ញាណ ពួកគេធ្វើដំណើរ ដោយរថយន្តម៉ាកកូឡា ពណ៌ស្ករ ពាក់ផ្លាក លេខ បាត់ដំបង 2A-2068 ។ 

សាក្សីនិយាយថា រថយន្តបើកក្នុងល្បឿនលឿន ទិសដៅពីជើងមកត្បូង រួចរ៉េមកស្តាំដៃ ធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយភ្លាមៗបុរសម្នាក់បានស្ទុះស្រវ៉ា ចេញមកខាងក្រៅត្រូវសន្តិសុខជួយចាប់ទាញដៃឡើងមកគោក ឯប្រពន្ធជាប់នៅក្នុងរថយន្តលិចបាត់ឈឹង ។រយៈពេលប្រហែលមួយ ម៉ោងជាង ទើបបានប្រជាពលរដ្ឋ នាំគ្នាមុជចាប់ចងរថយន្តទាញឡើង អណ្ដែតមកលើ ។ 

បុរសជាប្ដីដែលរួចផុត ពីគ្រោះថ្នាក់នេះនិយាយថា ពួកគាត់ទើបចេញ ពីជប់លាង រួចឆ្ពោះទៅផ្ទះ តែគាត់ងោកមួយភាំង ក៏រេចង្កូតធ្លាក់ចូលប្រឡាយតែម្ដង ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *