ពិតជាចម្លែកមែន! អភិបាលក្រុងមួយរូបរៀបការជាមួយសត្វក្រពា នៅម៉ិកស៊ិក

បរទេស ៖ លោកអភិបាលក្រុងតូចមួយនៅប្រទេសម៉ិកស៊ិកបានរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំជា«សត្វក្រពា» ជាមួយតន្ត្រីប្រពៃណីបានបន្លឺឡើង ហើយភ្ញៀវនាំគ្នារាំលេងកម្សាន្ត ខណៈពួកគេរំអុកឱ្យមេដឹកនាំជនជាតិដើមភាគតិចរូបនេះថើបកូនក្រមុំ។

អភិបាលក្រុង San Pedro Huamelula លោក Victor Hugo Sosa បានធ្វើតាមការរំអុករបស់ភ្ញៀវក្នុងពិធីរៀបការកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ មិថុនា ដោយឱនថើបបបូរមាត់សត្វក្រពា ដែលចងជាប់ដើម្បីបង្ការកុំឱ្យវាខាំ។

ការរៀបការតាមពិធីសាសនាបែបនេះ គឺមានតាំងពីរាប់សតវត្សរ៍មកហើយ ពោលតាំងពីសម័យមុនភាសាអេស្ប៉ាញក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច Chontal និង Huave នៃរដ្ឋ Oaxaca ដែលប្រៀបបីដូចជាការបួងសួងសុំពរជ័យពីធម្មជាតិអ៊ីចឹងដែរ។

លោក Sosa ជាអភិបាលក្រុងនៅតំបន់ភូមិនេសាទនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃរដ្ឋ Oaxaca បាននិយាយថា «យើងបួងសួងសុំធម្មជាតិឱ្យយើងមានភ្លៀងគ្រប់គ្រាន់ មានអាហារគ្រប់គ្រាន់ និង មានត្រីនៅក្នុងទន្លេ»។

រដ្ឋ Oaxaca ដែលមានទីតាំងនៅតំបន់ភាគខាងត្បូងដ៏ក្រីក្របំផុតរបស់ម៉ិកស៊ិក ត្រូវបានសន្មតថា ជារដ្ឋសម្បូរបែបខាងវប្បធម៌ជនជាតិដើមភាគតិចបំផុតរបស់ប្រទេស និងជាកន្លែងសម្រាប់ក្រុមជនជាតិជាច្រើនដែលបានថែរក្សាភាសានិងប្រពៃណីរបស់ពួកគេរហូតមកទល់សព្វថ្ងៃ។

ពិធីសាសនាបុរាណនៅទីក្រុង San Pedro Huamelula ដែលឥឡូវលាយឡំជាមួយនឹងជំនឿសាសនាកាតូលិក គឺពាក់ព័ន្ធនឹងការស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌សឱ្យសត្វក្រពា រួមជាមួយនឹងសម្លៀកបំពាក់ចម្រុះពណ៌ផ្សេងទៀត។

សត្វក្រពាអាយុប្រាំពីរឆ្នាំ ដែលគេហៅថា ព្រះនាងតូច ត្រូវគេជឿថា «ជាអាទិទេពតំណាងឱ្យមាតាធរណី ហើយអាពាហ៍ពិពាហ៍របស់វាជាមួយមេដឹកនាំក្នុងតំបន់គឺជានិមិត្តរូបនៃការចូលរួមរបស់មនុស្សជាមួយនឹងព្រះ»៕

Leave a Reply

Your email address will not be published. Required fields are marked *