អាមេរិកប្រើដ្រូន សម្លាប់មេអាល់កៃដា នៅអាហ្វហ្គានីស្ថាន

បរទេស ៖ ប្រធានាធិបតី ចូ បាដិន បាននិយាយកាលពីថ្ងៃចន្ទថា «មេដឹកនាំអាល់កៃដាលោក អៃមែន អាល់ ហ្សាវ៉ាហ៊ីរី(Ayman al-Zawahiri) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីចុងសប្តាហ៍ ដែលជាការវាយប្រហារដ៏ធំបំផុតចំពោះក្រុមសកម្មប្រយុទ្ធនេះ ចាប់តាំងពីស្ថាបនិក អូសាម៉ា ប៊ីនឡាដិន ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០១១។

លោកហ្សាវ៉ាហ៊ីរី ជាគ្រូពេទ្យវះកាត់ជនជាតិអេហ្ស៊ីបដែលមានតម្លៃក្បាល ២៥ លានដុល្លារ បានជួយសម្របសម្រួលការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សជិត ៣.០០០ នាក់។

មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារដោយដ្រូននៅក្នុងរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃអាទិត្យ វេលាម៉ោង ៦និង១៨នាទីព្រឹកម៉ោងក្នុងស្រុក។

លោកបាយដិនបាន​និយាយ​ក្នុង​សុន្ទរកថា​ពី​សេតវិមាន​ថា «ឥឡូវ​នេះ​យុត្តិធម៌​ត្រូវ​បាន​ផ្តល់​ហើយ ហើយ​មេដឹកនាំ​ភេរវជន​រូបនេះ​លែង​មាន​ទៀត​ហើយ, យើងមិនចុះញ៉មនោះឡើយ»។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ការស៊ើបការណ៍សម្ងាត់របស់អាមេរិកបានកំណត់ដោយ«ទំនុកចិត្តខ្ពស់»ថា បុរសដែលត្រូវបានសម្លាប់នោះគឺហ្សាវ៉ាហ៊ីរី។ គ្មាន​អ្នក​ស្លាប់​និង​របួស​ផ្សេង​ទៀត​បាន​កើត​ឡើងនោះ​ទេ។

មន្ត្រី​រូប​នេះ​បាន​និយាយ​តាមរយៈទូរសព្ទថា «ហ្សាវ៉ាហ៊ីរីបានបន្តបង្កការគំរាមកំហែងយ៉ាងសកម្មដល់បុគ្គលផលប្រយោជន៍ និងសន្តិសុខជាតិរបស់អាមេរិក។ ការស្លាប់របស់គាត់ ផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអាល់កៃដាហើយនឹងធ្វើឱ្យខូចសមត្ថភាពរបស់ក្រុមដើម្បីធ្វើប្រតិបត្តិការ»៕(ប្រែសម្រួលដោយលោក សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *