ប្រេងលើពិភពលោក បន្តធ្លាក់ថ្លៃជាលំដាប់

បរទេស ៖ តម្លៃប្រេងធ្លាក់ចុះទាបកាលពីថ្ងៃអង្គារទី២សីហា ខណៈវិនិយោគិន មើលឃើញទស្សនវិស័យដ៏អាប់អួរសម្រាប់តម្រូវការប្រេងឥន្ធនៈ ខណៈទិន្នន័យចង្អុលបង្ហាញពីការធ្លាក់ចុះនៃផលិតកម្មសកល ស្របពេលដែលអ្នកផលិតប្រេងឆៅធំៗ ហៀបនឹងជួបប្រជុំគ្នាក្នុងសប្តាហ៍នេះដើម្បីកំណត់ថាតើត្រូវបង្កើនការផ្គត់ផ្គង់ដែរឬអត់។

ប្រេងឆៅ នាពេលអនាគតរបស់ទីផ្សារ Brent បានធ្លាក់ចុះ ២៤ សេន ឬ ០,២% មកនៅត្រឹម ៩៩,៨២ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០៦និង៣៤ ម៉ោងសកល ខណៈប្រេងឆៅអនាគតនៅទីផ្សារ WTI ធ្លាក់ចុះ ១០ សេន ឬ ០,១% មកនៅត្រឹម ៩៣,៧៨ ដុល្លារក្នុងមួយបារ៉ែល។

ការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីប្រេងឆៅអនាគតរបស់ទីផ្សារ Brent បានធ្លាក់ចុះ កាលពីថ្ងៃចន្ទមកនៅត្រឹម៩៩,០៩ ក្នុងមួយបារ៉ែល ដែលជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា។ សន្ទស្សន៍តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតមកត្រឹម ៩២,៤២ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្សោយបំផុតចាប់តាំងពីថ្ងៃទី ១៤ ខែកក្កដា។

លោក អេដវ៉ាដ ម៉ូយ៉ា (Edward Moya) អ្នកវិភាគទីផ្សារជាន់ខ្ពស់មកពី OANDA បាននិយាយនៅក្នុងកំណត់ចំណាំមួយថា «តម្លៃប្រេងឆៅបានធ្លាក់ចុះបន្ទាប់ពីទិន្នន័យសកម្មភាពរោងចក្រជាច្រើនបានលើកឡើងថាពិភពលោកកំពុងឆ្ពោះទៅរកការធ្លាក់ចុះសេដ្ឋកិច្ចសកលដ៏ធំ និងនៅលើការរំពឹងទុកសម្រាប់ទិន្នផលប្រេងកាន់តែច្រើនបន្ទាប់ពីរដូវកាលកើបប្រាក់ចំណូលដ៏ល្អសម្រាប់ក្រុមហ៊ុនប្រេងនានា»។ 

ការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចបានកើនឡើងកាលពីថ្ងៃចន្ទ ខណៈការស្ទង់មតិពីសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីបានបង្ហាញថា រោងចក្របានជួបការលំបាកក្នុងការស្ទុះងើបឡើងវិញនៅក្នុងខែកក្កដា។ តម្រូវការសកលថយចុះនិងការដាក់កំហិតយ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់កូវីដ១៩នៅចិនបានធ្វើឱ្យផលិតកម្មថយចុះ។

ការធ្លាក់ចុះតម្លៃនេះក៏កើតឡើងផងដែរ នៅពេលដែលអ្នកចូលរួមទីផ្សារកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំមួយនៅថ្ងៃពុធស្អែក រវាងអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ពន្ធមិត្តរួមទាំងរុស្ស៊ី ដែលគេស្គាល់ថា OPEC+ ដើម្បីសម្រេចចិត្តលើទិន្នផលប្រេងសម្រាប់ខែកញ្ញា៕(ប្រែសម្រួលដោយលោក សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *