បណ្ណព្រំដែនកម្ពុជា-ថៃ វាយត្រាម្តង អាចស្នាក់នៅបាន៧ថ្ងៃវិញ សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៤ សីហា ២០២២ នេះបណ្ណព្រំដែនកម្ពុជា-ថៃ វាយត្រាម្តង អាចស្នាក់នៅបាន៧ថ្ងៃវិញហើយ សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលពីមុនស្នាក់នៅបានត្រឹម៣ថ្ងៃប៉ុណ្ណោះ ។

ក្រោមកិច្ចសម្របសម្រួល កិច្ចសហប្រតិបត្តិការរបស់ អាជ្ញាធរខេត្តបន្ទាយមានជ័យ និង អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ឆ្លើយតបនឹងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករ ដែលតែងតែ ធ្វើដំណើរចេញ-ចូល ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍ ។ 

ជាលទ្ធផល អាជ្ញាធរថៃយល់ព្រម ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់បណ្ណព្រំដែនកម្ពុជា-ថៃ (Cambodia-Thailand Border Pass) មានសុពលភាពប្រើប្រាស់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ ដោយចាប់ផ្តើមអនុវត្តចាប់ពី ថ្ងៃទី៤ខែសីហា ឆ្នាំ២០២២នេះតទៅ ពោលគឺខាងភាគី អន្តោប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រាពី៣ថ្ងៃ ឱ្យបាន៧ថ្ងៃវិញដែលពីមុនមកស្នាក់នៅបានត្រឹម៣ថ្ងៃប៉ណ្ណោះ ៕(ដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *