លោកតាម្នាក់បានជិះកង់ចេញពីផ្ទះបាត់២ថ្ងៃ ទើបរកឃើញសាកសព

កណ្តាល ៖ លោកតាម្នាក់បានជិះកង់ចេញពីផ្ទះបាត់២ថ្ងៃ ហើយត្រូវបានសាច់ញាតិប្រទះឃើញសាកសព កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧ ព្រឹក នៅចំណុចដីឡូតិ៍ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណជនរងគ្រោះឈ្មោះ ធៀង សម្បត្តិ ហៅតាលេនីន ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងកង់ដៃត្រង់ចំនួន១គ្រឿង។

តាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី០២សីហា ឆ្នាំ ២០២២ វេលាម៉ោង៩ព្រឹកជនរងគ្រោះបានជិះកង់ចេញពីផ្ទះដូចរាល់ដង ជិះទៅមើលគេឯងតាមភូមិ និងឧស្សាហ៍ដើររកដើមសង្កែដើម្បីកាប់ធ្វើអុសដុត ។ លុះនៅវេលាម៉ោង ៤ល្ងាចថ្ងៃខែដដែល មិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ក៏មានការសង្ស័យបានហៅបងប្អូនឱ្យជួយដើររក ។

សាក្សីបន្តថា រហូតដល់ម៉ោង៧យប់ រកមិនឃើញក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរ ដើម្បីឱ្យប្រកាសស្វែងរក និងផ្សព្វផ្សាយ រកជនរងគ្រោះដែលបាត់ខ្លួន។រហូតដល់ថ្ងៃទី៤សីហាឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក ក៏មានសាច់ញាតិជនរងគ្រោះ បានដើរទៅមើលដីឡូតិ៍ដែលទុកចោលនៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅក៏បានប្រទះឃើញសាកសពដេកស្លាប់ជាប់នឹងកង់ ក្នុងស្មៅ ក្បែរគុម្ពដើមសង្កែ ដោយមានសភាពធុំក្លិនស្អុយ ពេលចូលមើលទៅ ទើបដឹងថា«ជាជនរងគ្រោះដែលបាត់ខ្លួន២ថ្ងៃមកហើយនោះ»។

បន្ទាប់មកក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ ហើយ សន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង(បណ្តាលមកពីជំងឺលើសឈាម)។ សាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *