ក្មេងប្រុស២នាក់ ឌុបគ្នាទៅសាលារៀន បែរមកជួបរឿងអកុសល

ភ្នំពេញ ៖ សិស្សសាលា​២នាក់ បានបាត់បង់ជីវិត ខណៈជិះម៉ូតូឌុបគ្នាទៅសាលារៀន ចៃដន្យរថយន្តដឹកខ្សាច់ បុកនិងកិន កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ២ ភូមិព្រែករទាំង សង្កាត់ព្រែកកំពិសខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ សុភក្រ័ វីរៈ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី7B1 និងទី២ឈ្មោះ ធីម គីមឡុង អាយុ១៤ឆ្នាំ រួមថ្នាក់ជាមួយគ្នា ជិះម៉ូតូម៉ាកHONDA TODAY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-3846 ឯរថយន្តបង្កម៉ាក NISSAN DESELL ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-0234 បើកបរដោយឈ្មោះ ប៊ុត ដា ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវឃាត់ខ្លួនបាន ។ 

សាក្សីនៅកន្លែងកើតហេតុនិយាយថា មុនពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ជិះម៉ូតូ តាមផ្លូវជាតិលេខ២ ​ទិសដៅពីកើតទៅលិចគោលបំណងធ្វើដំណើរទៅសាលារៀន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកមកពីក្រោយ ក្នុងល្បឿនលឿនជ្រុលបុកនិងកិនតែម្ដង ។

ភ្លាមៗតៃកុងឡានបានឈប់រថយន្ត ប្រុងរត់គេចខ្លួនតែត្រូវពលរដ្ឋឃាត់បាន ប្រគល់ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយ តាមនីតិវិធីច្បាប់ ឯសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *