បញ្ជូនជនជាតិ៣នាក់ ទៅតុលាការពាក់ព័ន្ធ ករណីផ្ទុះអាវុធបណ្តាលឱ្យស្លាប់មនុស្ស

ព្រះសីហនុ​ ៖ កម្លាំងប៉ូលិសជំនាញខេត្តព្រះសីហនុ នាថ្ងៃទី៤សីហាឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យជនជាតិចិន ៣នាក់ ទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនពាក់ព័ន្ធករណីផ្ទុះអាវុធ បណ្តាលឱ្យបុរសជនជាតិចិន០២នាក់បាត់បង់ជីវិត កាលពីពេលថ្មីៗនេះ។

ប៉ូលិសនិយាយថា កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២​ វេលាម៉ោង១០និង៣០នាទីយប់ ប៉ូលិសបានទទួលព័ត៌មានថា «នៅក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតនៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយបានកើតឡើង បណ្តាលឱ្យបុរសជនជាតិចិន ០២នាក់បាត់បង់ជីវិត»។ 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ូលិសជំនាញផែនការងារព្រហ្មទណ្ឌ បានសហការគ្នាចុះទៅដល់កន្លែងហើយហេតុដើម្បីធ្វើការស្រាវជ្រាវ តែជនសង្ស័យបានគេចខ្លួនបាត់អស់ ។

ក្រោយមកកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ Ding PingPing ហៅ Ding QiQi ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ, ២-ឈ្មោះ Xu WeiWei ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរគ្រប់គ្រងកាមេរ៉ាសុវត្តិភាពនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ២ សង្កាត់២ក្រុងព្រះសីហនុ និង ៣-ឈ្មោះ Du Jian Bo ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុនរបរអ្នកគ្រប់គ្រងសន្តិសុខនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិនជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ។

ដកហូតសម្ភារវត្ថុតាងរួមមាន ១-អាវុធខ្លីចំនួន ៥ ដើម (អាវុធខ្លីដែលជនសង្ស័យបាញ់ជនរងគ្រោះចំនួន៤ដើម និងចំនួន១ដើមទៀត ឆែកឆេរបានពីទូដែកក្នុងអគារកើតហេតុ), ២-រថយន្ត ចំនួន៣គ្រឿង ជាមធ្យោយបាយធ្វើសកម្មភាពនិងរត់គេចខ្លួននិង៣-សម្ភារនិងឯកសារមួយចំនួនទៀត។

ចំពោះជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង កម្លាំងប៉ូលិសជំនាញបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ និងបានបើកការស៊ើបអង្កេតជាបឋម ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនបន្តយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *