ពិតជាអស្ចារ្យ! អ្នកវិទ្យាសាស្ត្រអាមេរិកធ្វើឱ្យកោសិកា និង សរីរាង្គ របស់ជ្រូកងាប់ រស់ឡើងវិញ

បរទេស ៖ ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសកាលពីថ្ងៃពុធថា «ពួកគេបានស្ដារឡើងវិញនូវលំហូរឈាមនិងមុខងារកោសិកាពាសពេញរាងកាយជ្រូក ដែលបានងាប់អស់រយៈពេលមួយម៉ោង នៅក្នុងរបកគំហើញមួយ ដែលអ្នកជំនាញនិយាយថាយើងអាចធ្វើបច្ចុប្បន្នភាពនិយមន័យនៃការស្លាប់សាជាថ្មី»។

របកគំហើញនេះបានបង្កើនក្តីសង្ឃឹមសម្រាប់ការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្ត នាពេលអនាគតចំពោះមនុស្ស ដែលទីបំផុតវាអាចនឹងជួយឱ្យសរីរាង្គរស់បានយូរ ដែលអាចជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ នៅទូទាំងពិភពលោកដែលត្រូវការការប្តូរសរីរាង្គ។

ទោះយ៉ាងណា វាក៏អាចជំរុញឱ្យមានការជជែកវែកញែកអំពីក្រមសីលធម៌នៃការវះកាត់ប្តូរសរីរាង្គបែបនេះផងដែរជាពិសេសបន្ទាប់ពីជ្រូកងាប់មួយចំនួនបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលដោយសារក្បាលរបស់វាស្រាប់តែកម្រើកអំឡុងពេលពិសោធន៍។

ក្រុមអ្នកវិទ្យាសាស្ត្រ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានធ្វើឱ្យសហគមន៍វិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលក្នុងឆ្នាំ ២០១៩ ដោយអាចស្តារមុខងារកោសិកានៅក្នុងខួរក្បាលរបស់ជ្រូកបាននៅប៉ុន្មានម៉ោង បន្ទាប់ពីពួកវាត្រូវបានកាត់ក្បាល។

សម្រាប់ការស្រាវជ្រាវចុងក្រោយបង្អស់នេះ ដែលចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nature ក្រុមការងារបានព្យាយាមពង្រីកបច្ចេកទេសនេះទៅដល់សាកសពជ្រូកទាំងមូល។

ពួកគេបានធ្វើឱ្យមានការគាំងបេះដូងចំពោះសត្វជ្រូកដែលចាក់ថ្នាំស្ពឹក ដែលបានបញ្ឈប់ឈាមមិនឱ្យហូរសព្វដងខ្លួន។នេះបានបង្អត់អុកស៊ីសែនពីកោសិការាងកាយ ហើយបើគ្មានអុកស៊ីសែន កោសិកានៅក្នុងខ្លួនសត្វនឹងស្លាប់។

បន្ទាប់មកអ្នកវិទ្យាសាស្ត្របានបូមបញ្ចូលសពជ្រូកនូវសារធាតុរាវដែលមានឈាមជ្រូកក៏ដូចជាទម្រង់សំយោគនៃអេម៉ូក្លូប៊ីន (Haemoglobin) ដែលជាប្រូតេអ៊ីនផ្ទុកអុកស៊ីសែនក្នុងកោសិកាឈាមក្រហម និង ថ្នាំ ដែលការពារកោសិកានិងទប់ស្កាត់ការកកឈាម។

ឈាមបានចាប់ផ្តើមចរាចរម្តងទៀត ហើយកោសិកាជាច្រើនបានចាប់ផ្តើមដំណើរការ រួមទាំងនៅក្នុងសរីរាង្គសំខាន់ៗដូចជា បេះដូង ថ្លើម និងតម្រងនោម សម្រាប់រយៈពេលប្រាំមួយម៉ោង បន្ទាប់ពីការពិសោធន៍។

លោក ណេណាដ សេស្តាន (Nenad Sestan) អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សានេះ និងជាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យយែល (Yale) បានប្រាប់អ្នកសារព័ត៌មានថា «កោសិកាទាំងនេះដំណើរការនៅប៉ុន្មានម៉ោងបន្ទាប់ពីពួកវាងាប់។ អ្វីដែលរឿងនេះអាចប្រាប់យើងបានគឺថា ការងាប់នៃកោសិកាគឺអាចបញ្ឈប់បាន»៕ (ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *