រថយន្តក្រឡុកស៊ីម៉ងត៍ បត់ចូលការដ្ឋានបុកម៉ូតូ បណ្ដាលឱ្យមន្រ្តីយោធាម្នាក់ស្លាប់

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ បានបាត់បង់ជីវិត ខណៈជិះម៉ូតូ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បុក កាលពីវេលាម៉ោងប្រមាណជិត៥ទៀបភ្លឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

រថយន្តជាប្រភេទរថយន្ត ក្រឡុកស៊ីម៉ងត៍ SCG ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ5A-0757 អ្នកបើកបរត់បាត់បានបុកម៉ូតូម៉ាក ហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-3628 បើកបរដោយឈ្មោះ គង់ ប៊ុណ្ណា ដែលគេស្គាល់ថា ជាមន្រ្តីយោធា បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។ 

សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ រថយន្តធ្វើដំណើរ ទិសដៅពីលិចទៅកើត បត់ឆ្វេងចូលការដ្ឋាន ឯខាងម៉ូតូធ្វើដំណើរ ទិសដៅពីកើតមកលិច ក៏ត្រូវរថយន្តបុកតែម្ដង ។ ភ្លាមៗ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះ នៅមន្ទីរពេទ្យផងដែរ ប៉ុន្តែមិនអាចសង្រ្គោះបាន ។ តាមការពិនិត្យនិងវាស់វែង សមត្ថកិច្ចបានបញ្ជាក់ថា «រថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន»។ 

ក្រោយកើតហេតុនិងវាស់វែងរួច សមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ,ឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅដ្ឋាន ក្រោយវត្តព្រែកឯង ៕ ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *