រន្ទះកាចណាស់,សម្លាប់មនុស្ស៣នាក់ នៅទល់មុខសេតវិមានរបស់អាមេរិក

បរទេស ៖ មនុស្សបីនាក់ រួមទាំងគូស្នេហ៍វ័យចំណាស់មួយគូ ដែលប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៥៦ របស់ពួកគេត្រូវបានប្រកាសថាស្លាប់កាលពីថ្ងៃសុក្រទី៥សីហា បន្ទាប់ពីត្រូវរន្ទះបាញ់នៅក្នុងសួនក្បែរសេតវិមាន។

រន្ទះបានបាញ់លើទីលានឡាហ្វាយ៉េត (Lafayette) ដែលជាសួនតូចមួយនៅរំលងមួយផ្លូវពីសេតវិមាន ភ្លាមៗមុនម៉ោង ៧យប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឱ្យបុរសពីរនាក់និងស្ត្រីពីរនាក់ «រងរបួសធ្ងន់ធ្ងរគំរាមដល់អាយុជីវិត»។នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីនាយកដ្ឋានពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់របស់ ក្រុងវ៉ាស៊ីនតោន។

ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក ប៉ុន្តែនៅព្រឹកថ្ងៃសុក្រ ប៉ូលិសក្រុងបានបញ្ជាក់ថា ពួកគេពីរនាក់គឺ ឈ្មោះ ដូនណា មូលល័រ (Donna Mueller) អាយុ ៧៥ ឆ្នាំ និង ជេមស៍ មូលល័រ (James Mueller) អាយុ៧៦ ឆ្នាំមកពីទីក្រុងជេនស៍វីល (Janesville) ក្នុងរដ្ឋវីស្កុនសិន (Wisconsin) ត្រូវបានប្រកាសថា ស្លាប់។

ក្មួយស្រីរបស់ពួកគេឈ្មោះ មីសែល ម៉ាកណេត (Michelle McNett) បានប្រាប់កាសែត Milwaukee Journal Sentinel ថា គូស្នេហ៍មួយគូនេះគឺជាសង្សារនឹងគ្នានៅវិទ្យាល័យ ហើយកំពុងនៅក្នុងរដ្ឋធានី ដើម្បីប្រារព្ធខួបអាពាហ៍ពិពាហ៍របស់ពួកគាត់។

ប៉ូលិស​បាន​និយាយ​ថា ក្រោយមក​ជន​រង​គ្រោះ​ទី​បី ជា​បុរស​អាយុ​២៩​ឆ្នាំ ក៏​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់ផងដែរ។មនុស្សពេញវ័យម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា រដ្ឋបាល​បៃដិន «សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​ដ៏​សោកនាដកម្មនេះ»។អ្នកនាំពាក្យដដែលឈ្មោះ ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានបន្ថែមថា «យើងកំពុងបួងសួងដល់អ្នកដែលកំពុងតស៊ូដើម្បីជីវិតរបស់ពួកគេ»៕

Leave a Reply

Your email address will not be published. Required fields are marked *