បាក់វ៉េរ៉ង់ដា ក្នុងការដ្ឋានភូមិគ្រឹះមួយ ស្លាប់ម្នាក់,របួសស្រាលម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍បាក់វ៉េរ៉ង់ដា ក្នុងការដ្ឋានភូមិគ្រឹះកឱពុងសាងសង់មួយកន្លែង នៅវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។ 

អត្តសញ្ញាណជនរងគ្រោះទាំង២ នៅមិនទាន់បានស្គាល់នៅឡើយ ជាជាងសំណង់ ក្នុងចំណោមក្រុមជាង ដែលសាងសង់ភូមិគ្រឹះ សម្រេចបានប្រហែល៧០ភាគរយ ។

ប្រភពបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៨ព្រឹក ក្រុមជាងបានចាក់បេតុង ប្លង់សេពិដានវ៉េរ៉ង់ដា ភ្ជាប់ពីមុខភូមិគ្រឹះរួចរាល់ នៅវេលាម៉ោងប្រមាណជាង៩ព្រឹក ហើយកម្មកររងគ្រោះ កំពុងតែបង្រាបបេតុងឱ្យស្មើ ស្រាប់តែបាក់កាច់ជើងសសរនិងរន្ទារ បោកសង្កត់កម្មកររូបនោះ កប់នៅក្នុងផ្ទាំងគ្រោងឆ្អឹងជាមួយបេតុងតែម្ដង ។ 

ភ្លាមៗគ្មានវិធីណា អាចសង្គ្រោះយកជនរងគ្រោះ ចេញបានភ្លាមៗនោះទេ ដោយសារទម្ងន់សង្កត់ ជាមួយផ្ទាំងដែកចាក់ស្រេស ទើបសុំការអន្តរាគមន៍ យកអេស្កាមកគាស់កាយ ប៉ុន្តែជនរងគ្រោះបានស្លាប់ទៅហើយ ។ 

តាមព័ត៌មានឱ្យដឹងបន្តថា ការដ្ឋានភូមិគ្រឹះនោះ បានដំណើរការសាងសង់ ប្រមាណជាង១ឆ្នាំហើយ សម្រេចបានប្រហែល៧០ភាគរយ នៃគម្រោងទាំងមូល៕ (ដោយ ៖ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *