រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនLPG បុករះតូបលក់ដូរ ស្លាប់អ្នកបើកបរ

មណ្ឌលគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តយីដុបបួនភ្លៅដឹកហ្គាសរបស់ក្រុមហ៊ុនLPG បើកបរក្នុងល្បឿនលឿនហើយផ្លូវកោងជាន់ហ្រ្វាំងមិនសុី ជ្រុលបុករះតូបលក់ដូរ៥តូបបណ្តាលឱ្យក្រឡាប់ខ្លួនឯងស្លាប់អ្នកបើកបរនិងរបួសមនុស្ស៥នាក់ ហើយសមត្ថកិច្ចប្រើពេល២ថ្ងៃទើបអាចយកសាកសពបាននិងស្ទូចយករថយន្តមករក្សាទុកនៅស្នងការដ្ឋានបានសម្រេច។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ខាងលើបានកើតឡើងវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២២ផ្លូវជាតិលេខ៧៦ នៅចំណុចមុខផ្ទះចាន់សំណាង និងហ៊ឹម វល្ណី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ  ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ទ្បោ សុខា ស្នងការប៉ូលិសខេត្តបានដឹកនាំលោកស្នងការរង ទទួលការងារចរាចរណ៍និងប្រធានការិយាល័យចរារណ៍ ព្រមទាំងមន្ត្រីចុះពិនិត្យកន្លែងកើតហេតុបានណែនាំដល់ក្រុមហ៊ុនរថយន្តស្ទូចមកដល់ថ្មើណាចាប់ផ្តើមស្ទូចថ្មើនោះតែម្តងដើម្បីសង្គ្រោះអ្នកបើកបរដែលជាប់នៅក្នុងរថយន្តស្តុកហ្គាសពេញ។

សមត្ថកិច្ចបន្តថា អ្នកបើករថយន្តឈ្មោះសឿន សាវឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ រស់នៅបច្ចុប្បន្នភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានស្លាប់នៅក្នុងរថយន្តកន្លែងកើតហេតុ ដោយសារកៀបជាប់ក្នុងកាប៊ីនរថយន្តយីឌុបបួនភ្លៅ ស្លាកលេខ ភ្នំពេញ 3E-4191 ខណៈពេលដែលរថយន្តស្ទួចបានមកពីភ្នំពេញមកដល់ ហើយស្ទូចរថយន្ដ ចេញពីកន្លែងកើតហេតុទើបឃើញសាកសព កាលពីវេលាម៉ោង៣និង៣០ នាទី ថ្ងៃទី៩ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ចបន្តថា អ្នករងរបួសរួមមាន ១-ម្ចាស់តូបឈ្មោះតឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ  ក្រុងសែនមនោរម្យ រងបួសស្រាល, ២-ប្រពន្ធឈ្មោះសម្បត្តិ ស្រីតូចភេទស្រី អាយុ៣១ឆ្នាំ រងរបួសស្រាល, ៣-ម្ចាស់តូបឈ្មោះខាំ សុភាព ភេទស្រី អាយុ៣៤ឆ្នាំ រងរបួសស្រាល, ៤-ប្អូនរស់នៅជាមួយឈ្មោះខាំ សុភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ រងរបួសស្រាល, ៥-ប្អូនរស់នៅជាមួយគ្នាឈ្មោះហ៊ុន មូលីកាភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល, ៦-ម្ចាស់តូបឈ្មោះកៅ វិចិត្ត ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខបរលក់ដូរ (ពុំមានរងរបួស), ៧-ប្រពន្ធឈ្មោះសៀក បុប្ផា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខបរលក់ដូរ (ពុំមានរងរបួស)និង៨-កូនឈ្មោះកៅ ហ្គិចលាង ភេទស្រី អាយុ២ឆ្នាំ ជនជាតិខ្មែរ (ពុំមានរងរបួស)។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកនៅផ្ទះ ចំណែកឯសពត្រូវបានកម្លាំងប៉ូលិសជំនាញធ្វើការត្រួតពិនិត្យរួចបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្ដត្រូវបានស្ទូចយកមកបង្ហូរហ្គាសនៅឯក្រុមហ៊ុន រួចយកមករក្សាទុកនៅស្នងការដ្ឋានប៉ូលិសខេត្តមណ្ឌលគិរីរង់ចាំដោះស្រាយតាមនីតិវិធី៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *