រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកចុះពីលើស្ពានព្រែកតាមាក់ បុកស្ត្រីម្នាក់អង្គុយលើម៉ូតូស្លាប់ភ្លាមៗ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុកបេតុង និង ម៉ូតូ កើតឡើងនៅចំណុចរង្វង់មូលខាងលើកើតស្ពានព្រែកតាមាក់ ភូមិ-ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ផ្លូវជាតិលេខ៨ កាលពីថ្ងៃព្រហស្បតិ៍ទី ២២ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៨ ព្រឹក ។

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយរថយន្តក្រឡុកបេតុងមួយគ្រឿង ម៉ាកFuso ពាក់ស្លាកលេខ  ភ្នំពេញ 5A-0276 បើកបរដោយឈ្មោះអុីត ថាច ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសូទៃ ឃុំញ៉ែងញ៉ងស្រុកត្រាំកក់ ខេត្តតាកែវ(របស់ក្រុមហ៊ុន ណេសសិនណល់) បើកបរចុះពីលើស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជាន់ហ្វ្រាំងហើយក្រឡាប់អូសបុកជាមួយម៉ូតូដែលអង្គុយឈប់លើម៉ូតូនៅមុខការ៉ាស់សាំងតេលា បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ។

សមត្ថកិច្ចបន្តថា ភាគីម៉ូតូម៉ាកPcx ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IU-0920 បើកបរដោយឈ្មោះកាក់ សុខុន ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហតុ)។

សមត្ថកិច្ចបញ្ជាក់ថា «មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តបង្កហេតុខាងលើបើកបរក្នុងល្បឿនលឿនចុះពីលើស្ពានខ្វះការប្រុងប្រយ័ត្ន»។ បច្ចុប្បន្នអ្នកបើកបររថយន្តឈ្មោះអុីត ថាច និងយានយន្តទាំង០២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាលដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *