ការសាកល្បងការពារផែនដី របស់យានអវកាសណាសា ដោយបើកបំបុកអាចម៍ផ្កាយ

បរទេស ៖ ដើម្បីសាកល្បងក្នុងការ ការពារផែនដី យានអវកាសណាសា បានបើកបំបុកអាចម៍ផ្កាយមួយក្នុងល្បឿនយ៉ាងលឿន កាលពីថ្ងៃចន្ទ ទី២៧ កញ្ញា ឆ្នាំ២០២២ នៅក្នុងការហាត់សមមិនធ្លាប់មានពីមុនមក សម្រាប់ថ្ងៃដែលថ្មឃាតករគំរាមកំហែងផែនដី។

ការបើកបំបុកដ៏ខ្លាំងនេះ បានកើតឡើងនៅលើអាចម៍ផ្កាយគ្មានគ្រោះថ្នាក់មួយ នៅចម្ងាយ ១១,៣ លានគីឡូម៉ែត្រពីផែនដី ដោយយានអវកាសឈ្មោះ Dart បានបំបុកចូលទៅក្នុងថ្មអវកាសនេះក្នុងល្បឿន ២២.៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកវិទ្យាសាស្ត្ររំពឹងថា ការបំបុកនេះអាចបង្កើតបានជារូងមួយ រុញច្រានថ្មនេះទៅក្នុងលំហ ហើយសំខាន់បំផុតគឺដើម្បីប្តូរគន្លងរបស់អាចម៍ផ្កាយ។

លោកស្រី អេឡេណា អាដាំ (Elena Adams) មកពីមណ្ឌលគ្រប់គ្រងបេសកកម្ម បានប្រកាសទាំងអរលោតកញ្ឆេងថា «យើងបានបើកបំបុករួចហើយ»។

បើតាមកែវយឹតជុំវិញពិភពលោកនិងក្នុងលំហ បានសំដៅទៅចំណុចតែមួយនៅលើមេឃដើម្បីចាប់យកទស្សនីយភាពនេះ។ ទោះបីជាការបំបុកមើលឃើញជាក់ស្តែងភ្លាមៗក៏ដោយ ក៏ប៉ុន្តែសញ្ញារលកវិទ្យុរបស់យាន Dart បានឈប់ភ្លាមៗដូច្នេះវានឹងត្រូវការពេលច្រើនថ្ងៃឬច្រើនសប្តាហ៍ដើម្បីកំណត់ថាតើផ្លូវរបស់អាចម៍ផ្កាយត្រូវបានផ្លាស់ប្តូរបានប៉ុន្មាន។

លោក ឡូរី ក្លេស (Lori Glaze) នាយកផ្នែកវិទ្យាសាស្ត្រភពផែនដី បាននិយាយថា «យើងកំពុងចាប់ផ្តើមយុគសម័យថ្មីនៃមនុស្សជាតិ»។ យានបេសកកម្មតម្លៃ ៣២៥ លានដុល្លារនេះ គឺជាការប៉ុនប៉ងលើកដំបូងដើម្បីផ្លាស់ប្តូរទីតាំងនៃអាចម៍ផ្កាយ ឬវត្ថុធម្មជាតិផ្សេងទៀតនៅក្នុងលំហ។

នៅមុននេះ អ្នកគ្រប់គ្រងរបស់ណាសា លោក ប៊ីល នែលសុន (Bill Nelson) បានក្រើនរំលឹកមនុស្សតាមរយៈTwitter ថា «ទេ នេះមិនមែនជាគ្រោងការថតភាពយន្តទេ»។ គាត់​បាន​បន្ថែម​ក្នុង​វីដេអូ​ដែល​បាន​ថត​ទុក​ជា​មុន​ថា«យើង​ទាំង​អស់​គ្នា​បាន​ឃើញ​វា​នៅ​លើ​ខ្សែ​ភាព​យន្ត​ដូច​ជា រឿង Armageddon ប៉ុន្តែ​ភាពជាក់ស្តែងពិតៗគឺអស្ចារ្យខ្លាំងណាស់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *