ព្យុះទីហ្វុង ណូរូ បានបក់បោកដល់វៀតណាមហើយ

បរទេស ៖ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិវៀតណាមបាននិយាយថា «ព្យុះទីហ្វុងណូរូ (Noru) បោកបក់បោកចូលឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាមកាលពីព្រឹកថ្ងៃពុធទី២៨កញ្ញាឆ្នាំ២០២២នេះ ដោយបាននាំមកនូវខ្យល់បក់ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំង ខណៈមនុស្សរាប់សែននាក់បានភៀសខ្លួននៅតាមទីជម្រកសុវត្ថិភាព។

ពេលនេះទីក្រុងដាណាង ដែលជាទីក្រុងធំទីបីរបស់វៀតណាម ដែលមានអគារខ្ពស់ៗបានអង្រួនដោយសារខ្យល់ព្យុះដ៏ខ្លាំង ដែលបានផ្តួលរលំដើមឈើ និងគាស់បំប៉ើងដំបូលផ្ទះនៅទូទាំងតំបន់ភាគកណ្តាល។ ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំត្រូវបានរាយការណ៍ឡើង ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមវៀតណាមបាននិយាយថា «ទីតាំងកណ្តាលរបស់ព្យុះទីហ្វុងនៅម៉ោង ៤ព្រឹក ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២២នេះ គឺនៅចន្លោះទីក្រុងដាណាង និងទីក្រុងក្វាងណាម (Quang Nam) ហើយមានល្បឿនខ្យល់គឺពី ១០៣ ទៅ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង»។

មានមនុស្សជាង ២០ម៉ឺននាក់នៅក្នុងប្រទេសវៀតណាមបានជ្រកកោននៅតាមទីជម្រកពេញមួយយប់ បន្ទាប់ពីអ្នកព្យាករណ៍បានព្យាករណ៍ថា«ព្យុះនេះនឹងក្លាយជាព្យុះដ៏ធំបំផុតមួយដែលវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ»។ចំណែក ល្បឿនខ្យល់គឺយឺតជាងការបារម្ភពីដំបូង ប៉ុន្តែអ្នកព្យាករណ៍និយាយថា «ភ្លៀងធ្លាក់ខ្លាំងនឹងបន្តពេញមួយថ្ងៃហើយព្រមានពីការបាក់ដីនិងទឹកជំនន់ធ្ងន់ធ្ងរ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ក្រសួងការពារជាតិបានចល័តទាហានប្រហែល ៤ម៉ឺន នាក់ និងសមាជិកកងជីវពល ២០ម៉ឺននាក់ ដោយបំពាក់ដោយរថពាសដែកនិងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះនិងផ្តល់ជំនួយ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *