រដ្ឋមន្ត្រីអាហ្វហ្គានីស្ថានចុះកិច្ចព្រមព្រៀងទិញផលិតផល៣ប្រភេទពីរុស្ស៊ី

បរទេស ៖ លោក ហាជី នូរូដឌីន អាហ្ស៊ីហ្ស៊ី (Haji Nooruddin Azizi) រដ្ឋមន្ត្រីស្តីទីនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មអាហ្វហ្គានីស្ថាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «អាហ្វហ្គានីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយរុស្ស៊ី ដើម្បីផ្គត់ផ្គង់ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន និង ស្រូវសាលីដល់អាហ្វហ្គានីស្ថាន»។

លោកអាហ្ស៊ីហ្ស៊ីបានបន្តថា ក្រសួងរបស់លោកកំពុងធ្វើការដើម្បីធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួន ហើយថា«រុស្ស៊ីបានផ្តល់ជូនរដ្ឋបាលតាលីបង់ នូវការបញ្ចុះតម្លៃដល់តម្លៃទំនិញប្រើប្រាស់ជាសកលទាំងនេះ»។

កិច្ចព្រមព្រៀងសេដ្ឋកិច្ចអន្តរជាតិដ៏សំខាន់ដំបូងគេ ដែលធ្វើឡើងដោយពួកតាលីបង់ចាប់តាំងពីពួកគេវិលចូលកាន់អំណាចវិញ កាលពីជាងមួយឆ្នាំមុន អាចជួយបន្ធូរបន្ថយភាពឯកោរបស់ចលនាអ៊ីស្លាមនេះ ដែលត្រូវបានកាត់ផ្តាច់ចេញពីប្រព័ន្ធធនាគារពិភពលោកជាធរមាន»។

នៅពុំទាន់មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការនូវក្រុមនេះទេ ដែលបានប្រយុទ្ធក្នុងការបះបោរ អស់រយៈពេល២០ ឆ្នាំប្រឆាំងនឹងកងកម្លាំងលោកខាងលិច និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ក្នុងស្រុករបស់ពួកគេ មុនពេលវាយលុកចូលទីក្រុងកាប៊ុល នៅពេលដែលទាហានអាមេរិក បានដកចេញក្នុងឆ្នាំ ២០២១។

ចំណែកអ្នកការទូតលោកខាងលិចបាននិយាយថា ពួកតាលីបង់ចាំបាច់ត្រូវផ្លាស់ប្តូរទិសដៅរបស់ខ្លួនលើសិទ្ធិមនុស្សជាពិសេសស្ត្រី និង បង្ហាញថា «ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធអន្តរជាតិទាំងអស់ ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការ»។

រុស្ស៊ីមិនទទួលស្គាល់រដ្ឋាភិបាលរបស់តាលីបង់ជាផ្លូវការទេ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបានទទួលស្វាគមន៍ចលនាតាលីបង់ នៅមុនពេលការដួលរលំទីក្រុងកាប៊ុល ហើយស្ថានទូតរបស់ខ្លួនគឺជាផ្នែកមួយនៃស្ថានទូតមួយចំនួនតូចប៉ុណ្ណោះដែលនៅតែបើក នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន។

លោកអាហ្ស៊ីហ្ស៊ីបាននិយាយថា «កិច្ចព្រមព្រៀងនេះនឹងពាក់ព័ន្ធ ជាមួយរុស្ស៊ីផ្គត់ផ្គង់ប្រេងសាំងប្រហែលមួយលានតោន ប្រេងម៉ាស៊ូតមួយលានតោន ឧស្ម័នរាវ (LPG) ៥០០.០០០ តោន និងស្រូវសាលីពីរលានតោនជារៀងរាល់ឆ្នាំ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *