អនាគតរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ សម្រេចលើតុលាការថៃ

ថៃ ៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ គ្រោងនឹងប្រកាសសាលក្រមរបស់ខ្លួននៅថ្ងៃសុក្រ ទី៣០ កញ្ញាឆ្នាំ២០២២នេះលើសំណុំរឿងដែលបានកំណត់ថា «តើនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានលើសដែនកំណត់រយៈពេលប្រាំបីឆ្នាំជានាយករដ្ឋមន្ត្រីរួចហើយឬនៅ»។

លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ មុនពេលក្លាយជានាយករដ្ឋមន្ត្រីជាផ្លូវការភ្លាមៗនោះ ត្រូវបានព្យួរការងារកាលពីប្រាំសប្តាហ៍មុន ខណៈតុលាការបានពិចារណាលើសំណុំរឿងដែលប្តឹងដោយគណបក្សភឿថៃ ដែលអះអាងថា «លោកគួរតែចាកចេញពីដំណែងកាលពីខែមុន»។

ចំណែកតុលាការត្រូវតែសម្រេចថា តើរយៈពេលប្រាំបីឆ្នាំនោះគួរតែរួមបញ្ចូលពេលវេលារបស់លោកប្រាយុទ្ធ ជាមេដឹកនាំរបបយោធា ដែលគាត់បានបន្តុបឬយ៉ាងណា បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាល នៃគណបក្សភឿថៃ។

ចំពោះអ្នកគាំទ្ររបស់លោកប្រាយុទ្ធខ្លះនិយាយថា រយៈពេលប្រាំបីឆ្នាំនោះគួរតែត្រូវរាប់បន្ទាប់ពីឆ្នាំ ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន ឬ ចាប់ពីឆ្នាំ ២០១៩ នៅពេលដែលការបោះឆ្នោតត្រូវបានធ្វើឡើង ហើយសភាថ្មីបានជ្រើសរើសគាត់ឱ្យដឹកនាំរដ្ឋាភិបាលចម្រុះ។

បញ្ហាអាណត្តិគឺជាកិច្ចប្រឹងប្រែងមួយ ក្នុងចំណោមកិច្ចប្រឹងប្រែងរបស់បក្សប្រឆាំងជាច្រើន ដើម្បីដកឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ រួមទាំងញ្ញត្តិបន្ទោសចំនួនបួន ករណីជម្លោះផលប្រយោជន៍ជុំវិញការប្រើប្រាស់លំនៅដ្ឋានយោធា ជាបន្តរបស់លោក និងការតវ៉ាជាច្រើនខែដែលប្រឆាំងនឹងការដឹកនាំរបស់លោក។

ក្រុមប្រឆាំងរដ្ឋាភិបាលចំនួនពីរ គ្រោងនឹងប្រមូលផ្តុំនៅសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុងបាងកក នៅថ្ងៃសុក្រទី៣០កញ្ញាឆ្នាំ២០២២ នៅពេលតុលាការត្រៀមអានសាលក្រមរបស់ខ្លួន ខណៈប៉ូលិសនិយាយថា ប៉ូលិស ៣០០ នាក់នឹងត្រូវដាក់ពង្រាយជុំវិញតុលាការ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក អានូចា ប៊ូរ៉ាផាឆៃស្រី (Anucha Burapachaisri) បានជំរុញឱ្យសាធារណជនគោរពសាលក្រម ដែលលោកនិយាយថា «នឹងជម្រះភាពមិនច្បាស់លាស់ទាំងឡាយ។ លោក​នាយក​រដ្ឋមន្ត្រី​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​យក​សាលក្រម​ពី​តុលាការ​ធម្មនុញ្ញ​ទោះចេញមក​បែប​ណា​ក៏​ដោយចុះ»។

ការបោះឆ្នោតអាចនឹងធ្វើនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣ នេះបើយោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតហើយការសម្រេចនៅថ្ងៃសុក្រនេះនឹងកំណត់ថាតើលោកប្រាយុទ្ធ អាយុ ៦៨ ឆ្នាំ នឹងអាចស្វែងរកតំណែងនាយករដ្ឋមន្ត្រីម្តងទៀតឬអត់។

ប្រសិនបើតុលាការសម្រេចថាលោកប្រាយុទ្ធបានឈានដល់កាលកំណត់ប្រាំបីឆ្នាំកាលពីខែមុន សភាត្រូវតែជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពីបេក្ខជនដែលចាញ់ចំនួនប្រាំនាក់ លើការបោះឆ្នោតសភាឆ្នាំ ២០១៩។

លោក ទីទីប៉ូល ភក្តីវ៉ានិច (Titipol Phakdeewanich) ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យអ៊ូបុនរាជាធានី (Ubon Ratchathani) បាននិយាយថា «សាលក្រមរបស់តុលាការនឹងកំណត់អនាគតរបស់ប្រាយុទ្ធ ហើយគណបក្សនយោបាយដែលត្រៀមចូលរួមការបោះឆ្នោតចង់ដឹងថាតើប្រាយុទ្ធនឹងអាចឈរឈ្មោះបានទៀតឬអត់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *