ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យនិងព្យាបាលជំងឺ ដល់ពលរដ្ឋស្រុកកំចាយមារ ដោយឥតគិតថ្លៃ

ព្រៃវែង ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នេះបានរៀបចំពិធី ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ ញ៉ែម សាខន ស ខេង ។

ពលរដ្ឋប្រមាណ២៥០០នាក់ បានអញ្ញើញមកទទួលសេវា ការពិនិត្យនិងព្យាបាល ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សាក្របៅចាស់ រយៈពេលពេញ១ថ្ងៃ គឺចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ជាមួយនឹងសេវាតាមផ្នែក​ដូចជា ផ្នែកទូទៅ ផ្នែកកុមារ ផ្នែកធ្មេញ ផែ្នកវះកាត់តូច ផ្នែកអេកូ និងផ្នែករោគស្រ្តីជាដើម ដោយឥតគិតថ្លៃ​ ។

សូមជម្រាបថា សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដែលមានឯកឧត្ដម សុខា​ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា​​ ជាប្រធាន និងលោកជំទាវ កែ សួនសុភី ជាប្រធានកិត្តិយស ក្នុងគោលដៅជួយពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ។ ក្រុមគ្រូពេទ្យ តែងតែរៀបចំពិធីនេះជាបន្តបន្ទាប់ នៅតាមបណ្ដាស្រុកនានា នៅក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ជាដើម ។ 

ទិសដៅសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ មិនត្រឹមតែជួយបានមួយផ្នែកធំ កុំឱ្យប្រជាពលរដ្ឋចំណាយថវិកា ទៅលើសេវាពិនិត្យនិងព្យាបាលជំងឺនោះទេ គឺបានចូលរួមលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងបង្ខិតសេវាសុខាភិបាលឱ្យកាន់តែកៀកប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់ក្រសួងសុខាភិបាលផងដែរ ៕ ដោយ ៖ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *