អ៊ុយក្រែន មានសមាជិកណាតូចំនួន ៩ គាំទ្រឱ្យចូលជាសមាជិកថ្មី បន្ទាប់ពីរុស្ស៊ីប្រកាសកាត់យកដី

បរទេស ៖ មេដឹកនាំ នៃ សមាជិកណាតូអឺរ៉ុបចំនួន ៩ បានចេញសេចក្តីថ្លែងការណ៍រួមមួយគាំទ្រផ្លូវឆ្ពោះទៅកាន់ជាសមាជិកភាព សម្រាប់អ៊ុយក្រែននៅក្នុងសម្ពន្ធភាពសន្តិសុខ ដឹកនាំដោយសហរដ្ឋអាមេរិក ហើយបានអំពាវនាវឱ្យប្រទេសទាំង ៣០ របស់ណាតូ បង្កើនជំនួយផ្នែកយោធាសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន ។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានធ្វើចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃសុក្រទី៣០កញ្ញាឆ្នាំ២០២២ កន្លងទៅ ដើម្បីស្នើសុំសមាជិកភាពណាតូយ៉ាងឆាប់បំផុត ដើម្បីជាការឆ្លើយតបទៅនឹងការកាត់យកតំបន់ចំនួនបួនរបស់អ៊ុយក្រែនពីសំណាក់រុស្ស៊ី។

អ៊ុយក្រែនទំនងជាមិនអាចចូលរួមបានឆាប់ៗនោះទេ ព្រោះត្រូវការយល់ព្រមពីសមាជិកទាំង ៣០ ពីសមាជិកភាពណាតូ។ ក្នុងនាមជាប្រទេសដែលមានសង្រ្គាមរួចហើយនោះ បានធ្វើឱ្យមានភាពស្មុគស្មាញដល់សំណើនេះ។

ប្រទេស​ណាតូ​ទាំង​ប្រាំបួន​នៅ​អឺរ៉ុប​កណ្តាលនិង​ខាង​កើត ដែល​បារម្ភ​ថា«​រុស្ស៊ី​អាច​កំណត់​គោលដៅ​បន្ទាប់លើពួកគេប្រសិន​បើរុស្ស៊ី​មិន​ត្រូវ​បាន​បញ្ឈប់​នៅអ៊ុយក្រែន ​បាន​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការកាត់យកទឹកដីនេះ»។

ប្រមុខ នៃប្រទេសឆែក អេស្តូនី ឡេតូនី លីទុយអានី ម៉ាសេដូនៀខាងជើង ម៉ុងតេណេហ្គ្រោ ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគីបានចេញផ្សាយសេចក្តីថ្លែងការណ៍នៅលើវេបសាយរបស់ពួកគេកាលពីថ្ងៃអាទិត្យទី២តុលាឆ្នាំ២០២២ ដោយនិយាយថា «យើងគាំទ្រអ៊ុយក្រែនក្នុងការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ទាមទារ ឱ្យរុស្ស៊ី ដកចេញជាបន្ទាន់ ពី​ដែនដី​ដែល​បាន​កាន់កាប់​ទាំងអស់ និង​លើកទឹកចិត្ត​សម្ពន្ធមិត្ត​ទាំងអស់​ឱ្យ​បង្កើន​ជំនួយ​យោធា​ដល់​​អ៊ុយ​ក្រែ​ន»។

ខ្លឹមសារសេចក្តីថ្លែងការណ៍និយាយថា ក្រុមមេដឹកនាំ គាំទ្រយ៉ាងរឹងមាំនៅពីក្រោយការសម្រេចចិត្តរបស់កិច្ចប្រជុំកំពូលរបស់ណាតូ ក្នុងទីក្រុងប៊ូការ៉េស (Bucharest) ឆ្នាំ ២០០៨ ទាក់ទងនឹងសមាជិកភាព នាពេលអនាគតរបស់អ៊ុយក្រែន។

កិច្ចប្រជុំកំពូលឆ្នាំ ២០០៨ សមាជិកណាតូ បានស្វាគមន៍ចំពោះសេចក្តីប្រាថ្នារបស់អ៊ុយក្រែននិងហ្សកហ្ស៊ីក្នុងការចូលរួម,ប៉ុន្តែបានបដិសេធមិនផ្តល់ពេលវេលាច្បាស់លាស់សម្រាប់ការចូលជាសមាជិករបស់ប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ទី២តុលាម្សិលមិញ ក៏​មិន​បាន​និយាយ​អំពី​ពេលវេលា​ចូលជាសមាជិកនោះដែរ។

ខណៈនៅពេលសួរអំពីពាក្យសុំរបស់លោកហ្សេលេនស្គីសម្រាប់ការចូលជាសមាជិកអង្គការណាតូឱ្យបានលឿនទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា «ដំណើរការដាក់ពាក្យសុំនៅទីក្រុងព្រុចសែល គួរតែត្រូវធ្វើឡើងនៅតាមពេលផ្សេងៗគ្នា»។

លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ មិនបាននិយាយអ្វីទាំងអស់ នៅពេលត្រូវបានសួរអំពីការអំពាវនាវរបស់លោកហ្សេលេនស្គីដើម្បីចូលជាសមាជិកណាតូ។

លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ដែលដឹកនាំដោយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចម្អកចំណាត់ការនេះ ដោយនិយាយថា «សំណើរបស់លោកហ្សេលេនស្គី គឺស្មើនឹងការអង្វរណាតូដើម្បីពន្លឿនការចាប់ផ្តើមសង្គ្រាមលោកលើកទី ៣»៕

Leave a Reply

Your email address will not be published. Required fields are marked *