មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន២រូប ក្នុងមួយគ្រួសារសព ទទួលបានថវិកាចំនួន១០លានរៀល

ឧត្ដរមានជ័យ ៖ ឯកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន០២ រូប ដែលបានពលីជីវិត ដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក០២នាក់ ក្នុងមួយគ្រួសារសព ទទួលបានថវិកាចំនួន១០លានរៀល តាមរយៈឧត្តមសេនីយ៍ត្រី ជុយ សីហាមេបញ្ជាការរង និងជាមេបញ្ជាការទិសទី៣ យោធភូមិភាគទី៤។

នៅក្នុងឱកាសចូលរួមរំលែកមរណៈទុក្ខ ឧត្តមសេនីយ៍ត្រី ជុយ សីហា បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងសាររំលែកទុក្ខ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនចំពោះក្រុមគ្រូសារសព ដោយបានចាត់ទុកលារបាត់បង់នេះ ជាការបាត់នូវកងទ័ពដ៏អង់អាចក្លាហាន នៅក្នុងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កន្លងមក និងបានចូលរួមបម្រើជាតិមាតុភូមិ និងប្រជាជន ប្រកបដោយស្មារតីអង់អាចក្លាហានឆន្ទៈមោះមុត និងហ៊ានពលីជីវិតដើម្បីសង្គ្រោះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សពយោធិន ២ រូប ដែលពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ២នាក់ ត្រូវបានគ្រួសារសពធ្វើបុណ្យតាមប្រពៃណីសាសនាក្នុងនោះ សពទី១ -ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ នៅលីវ ត្រូវបានក្រុមគ្រួសារសព យកមកធ្វើបិណ្យនៅគេហដ្ឋានសព នៅភូមិចាន់ក្រហម ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយឡែកសពទី២ -ពលបាលឯក ឈន សុីដេត មានអាយុ ៣៩ ឆ្នាំ មានប្រពន្ធ ត្រូវបានអង្គភាពរៀបចំធ្វើពិធីបុណ្យ នៅបន្ទាយប្រាសាទតាមាន់  ខេត្តឧត្តរមានជ័យ។

សូមរំលឹកថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន០២នាក់បានទៅបង់ត្រីនៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេង០២នាក់ កំពុងលង់ទឹកទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរគួចខ្លាំងបណ្តាលអោយលង់ស្លាប់ទាំង០២ នាក់តែម្តង។ បច្ចុប្បន្នសាកសពយោធិនទាំងពីរបានរកឃើញ(នៅម៉ោង ១១:៣០នាទីម្នាក់ និងនៅម៉ោង ១៧:១០នាទីម្នាក់ទៀត) ៕ ដោយ ៖ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *