សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរ កុំរង់ចាំតថ្លៃសំណង ជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នករស់នៅតំបន់ រមណីយដ្ឋានអង្គរថា សូមកុំរង់ចាំតថ្លៃសំណងជាមួយរាជរដ្ឋាភិបាល ព្រោះចំណាត់ការ របស់រាជរដ្ឋាភិបាល ពេលនេះ គឺមិនថមថយនោះទេ ប្រសិនបើដល់ថ្ងៃឱសានវាទហើយប្រជាពលរដ្ឋមិនមានការរុះរើ ឬក៏មិនព្រមទទួលនូវការអនុវត្ត របស់រាជរដ្ឋាភិបាល នឹងមិនទទួលបានសំណងអ្វីឡើយ ។ ដូច្នេះ សូមពលរដ្ឋគិតឱ្យបានច្បាស់ ទាន់រដ្ឋាភិបាលកំពុង មានការថ្នាក់ថ្នម ពីព្រោះពេលនេះ ពលរដ្ឋដែលបានចាកចេញ គឺទទួលបាននូវអត្ថប្រយោជន៍ ច្រើនណាស់ពី គោលនយោបាយរបស់រដ្ឋាភិបាល ។ 

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅកាន់បុគ្គលមួយចំនួនដែលបានចោទថា ការប្រកាសផ្តល់បណ្ណក្រីក្រជូនពលរដ្ឋ នៅតំបន់រុនតាឯក កំពុងយកឱកាស ស្វែងរកសំឡេងឆ្នោត ។ សម្ដេចបញ្ជាក់ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជាអ្នកដាក់ចេញ នូវគោលនយោបាយ ដូច្នេះសម្តេចមានសិទ្ធិ ថ្លែងលើបញ្ហានានា ជាពិសេសការប្រកាសផ្តល់បណ្ណក្រីក្រ ជូនពលរដ្ឋ នៅតំបន់រុនតាឯក វាមិនមែនជាការស្វែងរក សំឡេងឆ្នោតអ្វីទេ តែនេះជាគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាបន្តបន្ទាប់មកហើយ ។ 

សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ៕(ដោយហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *