ប្រទេសសមាជិកណាតូ ចំនួន៣ នឹងសង់របងលួសបន្លា តាមព្រំដែនរាប់ពាន់គីឡូម៉ែត្រ ទប់ទល់ជនចំណាកស្រុក ហូរចូលពីរុស្ស៊ីនិងបេឡារូស

បរទេស ៖ ការវាយប្រហារដ៏ជូរចត់របស់លោក វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែននៅតែបន្ត បណ្តាប្រទេសនៅអឺរ៉ុបបានចាប់ផ្តើមពង្រឹងព្រំដែនរបស់ពួកគេជាមួយរុស្ស៊ីនិងសម្ពន្ធមិត្តរបស់ខ្លួន បេឡារូស ចំពេលមានការបារម្ភថាទឹកដីរបស់ពួកគេអាចត្រូវជោរជន់ដោយជនចំណាកស្រុក ប្រទេសចំនួន ៣ប៉ូឡូញ ហ្វាំងឡង់ និងឡេតូនី នឹងសង់របងលួសបន្លារាប់ពាន់គីឡូម៉ែត្រដើម្បីពង្រឹងព្រំដែនទប់ទល់នឹងជនចំណាកស្រុកហូរចូលពីរុស្ស៊ីនិងបេឡារូស។

តាមយុទ្ធវិធី ដែលមន្ត្រីលោកខាងលិចហៅថា «ការយកជនចំណាកស្រុកធ្វើជាអាវុធ និង សង្គ្រាមកូនកាត់»ត្រូវបានប្រើប្រាស់ដោយរុស្ស៊ីនិងបេឡារូស តាំងពីមុនសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ ។ កាលពីឆ្នាំ ២០១៥ និង ២០១៦ រុស្ស៊ីបាននាំអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ដែលភាគច្រើនមកពីមជ្ឈិមបូព៌ាទៅកាន់ច្រកព្រំដែននៅភាគខាងជើងប្រទេសហ្វាំងឡង់។

ក្រោយមកនៅឆ្នាំ ២០២១ សហភាពអឺរ៉ុប បានចោទប្រកាន់លោកលូកាសិនកូ ថា«អន្ទងជនចំណាកស្រុកទៅកាន់ប្រទេសរបស់គាត់លើការសន្យាមិនពិតអំពីការឆ្លងចូលទៅក្នុងទ្វីបអឺរ៉ុប មុនពេលរុញពួកគេទៅកាន់ព្រំដែនប៉ូឡូញ និងបង្ខំពួកគេឱ្យឆ្លងដែនខុសច្បាប់»។

ជាការឆ្លើយតប ប៉ូឡូញ បានសាងសង់ជញ្ជាំងដែកនិងរបងលួសបន្លាប្រវែង ១១៥ គីឡូម៉ែត្រនៅតាមព្រំដែនរបស់ខ្លួន ។ប៉ុន្តែឥឡូវនេះ នៅពេលដែលភាពតានតឹងរវាងរុស្ស៊ីនិងលោកខាងលិចនៅតែបន្តកើនឡើង ហើយសង្រ្គាមនៅអ៊ុយក្រែនជិតឈានដល់ខែទីប្រាំបួន មេដឹកនាំអឺរ៉ុបជាច្រើនទៀតបានចាប់ផ្តើមពង្រឹងព្រំដែនរបស់ពួកគេ។

លោកស្រីនាយករដ្ឋមន្ត្រីហ្វាំងឡង់ សានណា ម៉ារីន (Sanna Marin) បានប្រកាសផែនការពង្រឹងព្រំដែនប្រវែង១.៣៣៥គីឡូម៉ែត្ររបស់ប្រទេសលោកស្រី ដែលជាព្រំដែនវែងជាងគេជាមួយរុស្ស៊ី ដោយអះអាងថា ការពង្រឹងបន្ទាត់ព្រំដែននឹងជួយការពារប្រទេសប្រឆាំងនឹង «ការគំរាមកំហែងកូនកាត់» នៃការធ្វើចំណាកស្រុកទ្រង់ទ្រាយធំនិងមិនទៀងទាត់ ដែលរៀបចំដោយវិមានក្រឹមឡាំង។

បណ្តារដ្ឋនៅតំបន់បាល់ទិកគឺឡេតូនី លីទុយអានី និងអេស្តូនី នឹងធ្វើតាមដែរ ខណៈប៉ូឡូញកាលពីខែមុន ថែមទាំងបានចាប់ផ្តើមដំឡើងរបងលួសបន្លាតាមបណ្ដោយព្រំដែនរបស់ពួកគេជាមួយដែនដីកាលីនីនហ្គ្រាដ (Kaliningrad) របស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប៉ូឡូញនិងលីទុយអានី។ 

គិតជាង ៣០ ឆ្នាំបន្ទាប់ពីជញ្ជាំងបែរឡាំងបានដួលរលំ វាំងននដែកថ្មីកំពុងចាប់ផ្តើមកើតឡើងពាសពេញទ្វីបអឺរ៉ុប។ នៅត្រឹមឆ្នាំ ២០២៥ របាំងថ្មីនេះនឹងមានប្រវែងសរុប ២.១០៦ ម៉ាយ ស្នើនឹង៣.៣៩០ គីឡូម៉ែត្រ ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *