គីម ជុងអ៊ុន ចុះពិនិត្យមើលការបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ជាមួយកូនស្រីរបស់លោក

បរទេស ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថានឹងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយនឹងអាវុធនុយក្លេអ៊ែរ ខណៈលោកបានចុះត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប(ICBM) របស់ប្រទេស ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយកាលពីថ្ងៃសៅរ៍ទី១៩វិច្ឆិកាឆ្នាំ២០២២ ។

ប្រទេសកូរ៉េខាងជើង បានសាកល្បងមីស៊ីល Hwasong-17 ICBM កាលពីថ្ងៃសុក្រ ទី១៨វិច្ឆិកា ឆ្នាំ២០២២ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីព្រមានអំពី «ការឆ្លើយតបខាងយោធាដ៏ខ្លាំងក្លា ចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបង្កើនវត្តមានសន្តិសុខក្នុងតំបន់របស់ខ្លួន រួមទាំងទីតាំងទុកអាវុធនុយក្លេអ៊ែរនានា»។

លោកគីម ដែលមានការចូលរួមនៅទីតាំងបាញ់សាកល្បងជាមួយកូនស្រីរបស់គាត់ជាលើកដំបូង បាននិយាយថា ការគំរាមកំហែងពីសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួនក្នុងការជំរុញឱ្យមានគោលនយោបាយអរិភាព បានជំរុញឱ្យប្រទេសរបស់គាត់ បង្កើនល្បឿនយ៉ាងខ្លាំងក្នុងការពង្រឹងការទប់ទល់នឹងអាវុធនុយក្លេអ៊ែរដ៏លើសលប់របស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បាននិយាយថា «លោក គីម ជុងអ៊ុន បានប្រកាសយ៉ាងឱឡារិកថា ប្រសិនបើសត្រូវនៅតែបន្តការគំរាមកំហែង…គណបក្ស និង រដ្ឋាភិបាលរបស់យើងនឹងប្រតិកម្មយ៉ាងម៉ឺងម៉ាត់ដោយអាវុធនុយក្លេអ៊ែរទល់នឹងអាវុធនុយក្លេអ៊ែរ និងការប្រឈមមុខដាក់គ្នាពេញទំហឹង»។

KCNA បាននិយាយថា ការបាញ់មីស៊ីល Hwasong-17 គឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រកសាងខឿនការពារជាតិអាទិភាពកំពូល របស់កូរ៉េខាងជើង ក្នុងគោលបំណងកសាង ការទប់ទល់ដោយអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតនិងដាច់ខាត ដោយហៅវាថាជា អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតក្នុងពិភពលោក ។

KCNA បានបន្តទៀតថា ​មីស៊ីលនេះហោះបានចម្ងាយជិត ១.០០០ គីឡូម៉ែត្រ ក្នុងរយៈពេលប្រហែល ៦៩ នាទី និងឈានដល់កម្ពស់អតិបរមា ៦.០៤១ គីឡូម៉ែត្រ។ 

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) បាននិយាយថា «អាវុធនេះអាចធ្វើដំណើរបានចម្ងាយ ១៥.០០០ គីឡូម៉ែត្រ គឺគ្រប់គ្រាន់ ល្មមអាចទៅដល់ទឹកដីសហរដ្ឋអាមេរិក»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *