រដូវរងាចូលមកដល់ អាជ្ញាធរអ៊ុយក្រែន ប្រាប់ជនស៊ីវិលឱ្យចាកចេញពីតំបន់រំដោះ

បរទេស ៖ អាជ្ញាធរក្នុងតំបន់របស់អ៊ុយក្រែន បានចាប់ផ្តើមជម្លៀសជនស៊ីវិលពីផ្នែកដែលត្រូវបានរំដោះនាពេលថ្មីៗនេះនៃតំបន់ឃើសុន (Kherson) និង មីកូឡាអ៊ីវ (Mykolaiv) ដោយបារម្ភថា «កង្វះកម្តៅ ថាមពល និងទឹកដោយសារតែការបាញ់ផ្លោងរបស់រុស្ស៊ី នឹងធ្វើឱ្យជីវភាពរស់នៅលំបាកខ្លាំងក្នុងរដូវរងានេះ»។

ចំណែកអង្គការសុខភាពពិភពលោក (WHO) បានឯកភាពចំពោះរឿងនេះ ដោយនិយាយថា «មនុស្សរាប់លាននាក់ប្រឈមមុខនឹងរដូវរងា ដែលគំរាមកំហែងដល់អាយុជីវិត នៅអ៊ុយក្រែន»។

អាជ្ញាធរបានជំរុញឱ្យប្រជាជននៅតំបន់ភាគខាងត្បូងទាំងពីរ ដែលកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងជាច្រើនខែ ឱ្យផ្លាស់ទីទៅកាន់តំបន់ដែលមានសុវត្ថិភាពជាង នៅភាគកណ្តាលនិងភាគខាងលិចនៃប្រទេស។

លោកស្រី អៀរីណា វ៉េរ៉េសឈុក (Iryna Vereshchuk) ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថារដ្ឋាភិបាលនឹងផ្តល់ការដឹកជញ្ជូន ការស្នាក់នៅ និងការថែទាំសុខភាពសម្រាប់ពួកគេ ដោយផ្តល់អាទិភាពដល់ស្ត្រីដែលមានកូន អ្នកឈឺ និងមនុស្សចាស់។

ដើម្បីសន្សំសំចៃថាមពល លោកស្រីវ៉េរ៉េសឈុកកាលពីខែមុនបានស្នើឱ្យពលរដ្ឋដែលរស់នៅក្រៅប្រទេសកុំត្រឡប់មកអ៊ុយក្រែនវិញសម្រាប់រដូវរងា។

ឯមន្ត្រីផ្សេងទៀតបានស្នើឱ្យអ្នករស់នៅក្នុងទីក្រុងគៀវឬកន្លែងផ្សេងទៀតដែលមានធនធាន ចាកចេញពីអ៊ុយក្រែនរយៈពេលពីរបីខែដើម្បីសន្សំសំចៃថាមពលសម្រាប់មន្ទីរពេទ្យនិងកន្លែងសំខាន់ៗផ្សេងទៀត។ ចំណែកWHO បានផ្តល់ការព្រមានគួរឱ្យព្រឺព្រួចកាលពីថ្ងៃចន្ទអំពីផលប៉ះពាល់ដល់មនុស្សពីវិបត្តិថាមពលនៅអ៊ុយក្រែន។

លោកវេជ្ជបណ្ឌិត ហាន ហិនរី ភី គ្លុក (Hans Henri P. Kluge) នាយកប្រចាំតំបន់អឺរ៉ុបបាននិយាយថា រដូវរងានេះនឹងគំរាមកំហែងដល់អាយុជីវិតសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសអ៊ុយក្រែន៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *