ពិភពអារ៉ាប់ផ្ទុះការអបអរពេញពិភពអារ៉ាប់ ក្រោយអារ៉ាប៊ីសាអូឌីត ឈ្នះអាហ្សង់ទីនក្នុងវើលខាប់

បរទេស ៖ ក្រុមអ្នក​គាំទ្រវិស័យបាល់ទាត់ពីភពលោក បានអបអរ​នៅជុំវិញ​ពិភព​អារ៉ាប់​កាល​ពី​ថ្ងៃ​អង្គារទី២២វិច្ឆិកាឆ្នាំ២០២២ បន្ទាប់​ពី​ជ័យជម្នះក្នុងវើលខាប់ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​របស់​អារ៉ាប៊ីសាអូឌីត​ យកឈ្នះលើ​អាហ្សង់ទីន។

ចាប់ពីប្រទេសស៊ីរីនិងហ្ស៊កដានីរហូតដល់តំបន់ហ្គាហ្សានិងកាតា ដែលជាម្ចាស់ផ្ទះវើលខាប់ឆ្នាំនេះ មានអ្នកគាំទ្របាននាំគ្នាហ៊ោកញ្ជ្រៀវអបអរសាទរចំពោះសមិទ្ធផលរបស់អារ៉ាប៊ីសាអូឌីត ដែលជាការខកចិត្តដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រវើលខាប់។

បន្ទាប់ពីការទទួលជ័យជម្នះ ២-១ របស់ក្រុមពួកគេ អ្នកគាំទ្រអារ៉ាប៊ីសាអូឌីតដែលបានមើលការប្រកួតដោយផ្ទាល់បានជោរជន់តាមដងផ្លូវនៅខាងក្រៅកីឡដ្ឋាន Lusail ដោយនាំគ្នាគ្រវីទង់ជាតិពណ៌បៃតងនិងសរបស់ប្រទេសពួកគេខណៈនាំគ្នាច្រៀង និង ស្រែកពាក្យស្លោក ហើយថែមទាំងឱបអ្នកគាំទ្រអាហ្សង់ទីនដែលកំពុងខូចចិត្តទៀតផង។

អ្នកគាំទ្រអារ៉ាប៊ីសាអូឌីតឈ្មោះ ស៊ុលតង់ អាល់ហាធី (Sultan Alharthi) បាននិយាយថា «ខ្ញុំគ្មានពាក្យនឹងថ្លែងទេ។ខ្ញុំ​មិន​អាច​ពន្យល់​ថាតើ​ខ្ញុំ​សប្បាយ​ចិត្ត​ប៉ុនណានោះទេ ពីព្រោះ​ខ្ញុំ​មិន​រំពឹង​ថា​យើង​នឹង​ឈ្នះនោះទេ»។

ព្រះមហាក្សត្រកំពុងកាន់អំណាចរបស់កាតា គឺព្រះអង្គ សេក ថាមីម ប៊ីន ហាម៉ាដ អាល់ ថានី (Sheikh Tamim bin Hamad Al Thani) បានយាងចូលរួមការប្រកួត ហើយនៅចំណុចមួយបានរុំទង់ជាតិអារ៉ាប៊ីសាអូឌីត នៅលើស្មារបស់ទ្រង់ទៀតផង។ 

ទិដ្ឋភាពបែបនេះ ដែលត្រូវបានថតបង្ហោះលើវីដេអូអនឡាញនិងចែករំលែកយ៉ាងទូលំទូលាយ ប្រហែលជាមិននឹកស្មានដល់ទេកាលពីជិតពីរឆ្នាំមុន នៅពេលដែលអារ៉ាប៊ីសាអូឌីត និង ប្រទេសអារ៉ាប់បីផ្សេងទៀតធ្វើពហិការលើប្រទេសកាតាជុំវិញជម្លោះនយោបាយ។

ចំណែកនៅភាគពាយព្យប្រទេសស៊ីរី ដែលជាបន្ទាយដ៏រឹងមាំរបស់ពួកឧទ្ទាម អ្នកស្រុកបានប្រមូលផ្តុំគ្នានៅហាងកាហ្វេដើម្បីអបអរសាទរ បន្ទាប់ពីស្នូរកញ្ចែបញ្ចប់ការប្រកួត។ វា​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​រីករាយ​សម្រាប់​តំបន់​ដែលមាន​មនុស្ស​រាប់​លាន​នាក់​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ជា​ញឹក​ញាប់និង​ភាព​ក្រីក្រ។

ឯនៅក្នុងខេត្តអ៊ីដលីប (Idlib) លោកអាម៉ាដ អាល់អាប់ស៊ី (Ahmad Al-Absi) បាននិយាយថា «ជ័យជម្នះរបស់អារ៉ាប៊ីសាអូឌីត គឺជាការជំរុញទឹកចិត្តដ៏ចាំបាច់សម្រាប់ប្រជាជនស៊ីរីនិងពិភពអារ៉ាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា បើទោះបីជាវាមានន័យថាឃើញក្រុមពួកគេបំបាក់ក្រុមដែលខ្លួនស្រឡាញ់ក៏ដោយ»។

ចំណែកនៅតំបន់ហ្គាហ្សា អ្នកស្រុកប៉ាឡេស្ទីនបានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដោយនិយាយថា «ពួកគេគាំទ្រអារ៉ាប៊ីសាអូឌីតក្នុងគ្រានៃការប្រកួតបាល់ទាត់»។ លោក អាប៊ូ ខាលីល (Abu Khalil) ជាអ្នកស្រុកនៅហ្គាហ្សា បាននិយាយថា «ពួកគេគាំទ្រយើងទាំងផ្នែកនយោបាយនិងសង្គម ដូច្នេះការអបអរទាំងនេះគឺជាការតបស្នងវិញ»។

ប្រទេសអារ៉ាប៊ីសាអូឌីត ស្តេចសាល់ម៉ាន់បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈភ្លាមៗសម្រាប់កម្មករ និយោជិតនិង សិស្សនិស្សិតទាំងអស់ នៅក្នុងព្រះរាជាណាចក្រមួយនេះដើម្បីអបអរសាទរជ័យជម្នះដ៏កក្រើកនេះ ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *