ក.អ.ក រៀបចំឱ្យថ្នាក់ដឹកនាំសារព័ត៌មានរៀនសូត្រអំពី «ឥទ្ធិពលភាពជាអ្នកដឹកនាំដោយប្រើ D.I.S.C»

ភ្នំពេញ ៖ សិក្ខាសាលាស្តីពី «ឥទ្ធិពលភាពជាអ្នកដឹកនាំដោយប្រើ D.I.S.C» ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីតាំងThe Factory Phnom Penh(Room 41)ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ។

អង្គសិក្ខាសាលានេះ រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុនTEDP បានរៀបចំសិក្ខាសាលា «ឥទ្ធិពលភាពជាអ្នកដឹកនាំដោយប្រើ D.I.S.C»នេះឡើង ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពក្នុងការដឹកនាំ សំខាន់ការអភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលដែលប្រកបដោយភាពមានឥទ្ធិពល និង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពកាសែត គេហទំព័រ វិទ្យុ និង ទូរទស្សន៍រដ្ឋ ឯកជនជាច្រើនរូប ។

អ្នកស្រី យូ បូរី ជាស្ថាបនិក នៃក្រុមហ៊ុនថេឡឹន អ៉ិចសឺឡិនស៍ ឌឺវេឡុបម៉ិន ផាតនើរ ឯ.ក និង ជាអ្នកឯកទេសខាងរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្យ និង ប្រព័ន្ធKPI បានឧទ្ទេសនាម អំពីគោលបំណងទាំង៤ ក្នុងភាពជាអ្នកដឹកនាំមនុស្សក្នុង ក្រុមហ៊ុនឬ អង្គភាពនីមួយៗ ។

គោលបំណងទាំង៤ ដែលអ្នកស្រី យូ បូរីលើកឡើងរួមមាន ១-យល់ដឹងពីអត្ថប្រយោជន៍របស់DISC ២-ដឹងពីប្រភេទបែបបទ អាកប្បកិរិយា មនុស្សតាមប្រភេទDISC ៣-របៀបទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈDISCនិង៤-ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការប្រកបការងារ និង បង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងចំពោះអ្នកជុំវិញខ្លួន ។

លោកប៉ែន បូណា ប្រធានកអក បានបញ្ជាក់ថា សិក្ខាសាលានេះមានសារសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង ប្រធានអ្នកយកព័ត៌មាន ដើម្បីឆក់យកឱកាសក្នុងការលើក កម្ពស់សមត្ថភាពនិងទទួលបាននូវចំណេះដឹងរួមទាំងបទពិសោធន៍ថ្មីៗខាងផ្នែកគ្រប់គ្រងធនធានមនុស្ស សំដៅពង្រឹងនូវអាជីពរបស់ខ្លួនឱ្យកាន់តែមានភាពប្រសើរឡើង និងទទួលបានជោគជ័យ។

លោកប៉ែន បូណា មានប្រសាសន៍បន្តថា ទន្ទឹមនោះអង្គសិក្ខាសាលា ក៏នឹងនាំឱ្យអ្នកបានស្វែងយល់អំពីសារសំខាន់នៃប្រព័ន្ធសិក្សា អាកប្បរិយារបស់មនុស្សតាមប្រព័ន្ធ D.IS.C ដែលត្រូវបានប្រើប្រាស់ជាសកលក្នុងការបង្កើនទំនាក់ទំនងឱ្យមានប្រសិទ្ធភាពក្នុងអាជីពបង្កើនប្រសិទ្ធភាពក្នុងការដឹកនាំនិងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស។

លោកបន្តទៀតថា សិក្ខាសាលានេះក៏នឹងជួយអ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមអំពីភាពចាំបាច់ដែលត្រូវធ្វើការឱ្យមានភាពស៊ីសង្វាក់គ្នា និងមានភាពល្អប្រសើរជាមួយមនុស្សគ្រប់ប្រភេទ និងគ្រប់ស្រទាប់ខណៈ ដែលអ្នកសារព័ត៌មានត្រូវធ្វើបទសម្ភាសន៍ជាមួយនិងថ្នាក់ដឹកនាំក៏ដូចជាសាធារណជនទូទៅ៕(ដោយ BBN)

Leave a Reply

Your email address will not be published. Required fields are marked *