ប្រធានាធិបតី​អ៊ុយក្រែន អង្វរ​អ.ស.ប. ឱ្យដាក់​ទណ្ឌកម្ម​រុស្ស៊ី ខណៈពលរដ្ឋ​អ៊ុយក្រែន ​រង​គ្រោះ​ក្នុង​ភាព​ត្រជាក់ខ្លាំងនិងភាព​ងងឹត

បរទេស ៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.)ចាត់វិធានការប្រឆាំងនឹងរុស្ស៊ីជុំវិញការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានធ្វើឱ្យទីក្រុងអ៊ុយក្រែននានា ធ្លាក់ក្នុងភាពងងឹត និងភាពត្រជាក់ម្តងទៀត ខណៈរដូវធ្លាក់ទឹកកកបានចូលមកដល់។

កងទ័ពរុស្ស៊ី​បានបាញ់មីស៊ីលជាច្រើនគ្រាប់​ នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ពុធទី២៣វិច្ឆិកាឆ្នាំ២០២២បណ្តាលឱ្យមនុស្ស ១០ នាក់បាត់បង់ជីវិត បង្ខំ​ឱ្យ​បិទ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ និង​កាត់​ផ្តាច់​ការផ្គត់ផ្គង់​ទឹកនិង​អគ្គិសនី​នៅ​​កន្លែងជាច្រើន។

លោកហ្សេលេនស្គីបាននិយាយតាមតំណវីដេអូទៅកាន់ក្រុមប្រឹក្សាសន្តិសុខយ៉ាងដូច្នេះថា «ថ្ងៃនេះគ្រាន់តែជាមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែយើងបានទទួលមីស៊ីល ៧០ គ្រាប់។ នោះជារូបមន្តភេរវកម្មរបស់រុស្ស៊ី។ ទាំងនេះគឺប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង…មន្ទីរពេទ្យ សាលារៀន ការដឹកជញ្ជូន និងតំបន់លំនៅឋានទាំងអស់បានរងគ្រោះ»។

លោកបានបន្ថែមថា «អ៊ុយក្រែនកំពុងរង់ចាំមើល ប្រតិកម្មយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃពុធពីពិភពលោក»។ ក្រុមប្រឹក្សាអ.ស.ប.នេះទំនងជាមិនចាត់វិធានការណាមួយដើម្បីឆ្លើយតបនឹងការអំពាវនាវនេះទេ ពីព្រោះរុស្ស៊ីជាសមាជិកដែលមានសិទ្ធិអំណាចវេតូ។

ចំណែកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ.ស.ប លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន «កំពុង យករដូវរងារធ្វើជាអាវុធយ៉ាងច្បាស់ក្រឡែតដើម្បីផ្តល់ការឈឺចាប់យ៉ាងសម្បើមដល់ប្រជាជនអ៊ុយក្រែន។ប្រធានាធិបតី​រុស្ស៊ី នឹង​ព្យាយាម​បង្កក​ប្រទេសនេះរហូតដល់យល់ព្រមចុះ​ចាញ់»។

លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ.ស.ប វ៉ាស៊ីលី នេបិនហ្សា (Vasily Nebenzya) បានឆ្លើយតបដោយការត្អូញត្អែរថា«រុស្ស៊ីប្រឆាំងនឹងច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខសម្រាប់លោកហ្សេលេនស្គីបង្ហាញខ្លួនតាមរយៈវីដេអូ ហើយបានច្រានចោលនូវអ្វីដែលលោកហៅថា ការគំរាមកំហែងនិងឱសានវាទ ពីសំណាក់អ៊ុយក្រែននិងអ្នកគាំទ្ររបស់ខ្លួននៅលោកខាងលិច»។

លោកនេបិនហ្សា បានបន្តថា ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនគឺបណ្តាលមកពីមីស៊ីលដែលបាញ់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានធ្លាក់លើតំបន់ស៊ីវិល បន្ទាប់ពីបានបាញ់ទៅលើមីស៊ីលរបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យលោកខាងលិចបញ្ឈប់ការផ្តល់មីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *