កូរ៉េខាងត្បូង ជាប្រទេសដំបូងលើពិភពលោក​ ដែល​ប្រកាស​ការឆ្លងមេរោគរាតត្បាតលើកទីពីរ

ក្រោយពីករណី​ឆ្លង​មេរោគថ្មីៗក្នុង​រដ្ឋធានី សេអ៊ូល ​កើនឡើង​​កាន់តែច្រើន មន្ត្រីសុខាភិបាលរបស់ប្រទេស កូរ៉េខាងត្បូង​ កំពុងស្ថិតក្នុង​ដំណាក់កាលនៃការ​ឆ្លងរាលដាល​មេរោគ កូរ៉ូណាវីរុស លើកទីពីរ បន្ទាប់ពី​ប្រទេស​នេះ​ជោគជ័យ​នៅក្នុង​ការ​ប្រយុទ្ធប្រឆាំង​នៃការ​រតត្បាត​លើកទីមួយ ។ 

រដ្ឋមន្រ្តីក្រសួងសុខាភិបាល កូរ៉េខាងត្បូង លោក ប៉ាក ណុង-ហ៊ូ និយាយថា ករណីចំនួន៩០ឆ្លងមកពីខាងក្រៅ ក្នុងរយៈពេល​មួយសប្ដាហ៍​ ដែល​ជាករណីឆ្លង​កើនឡើង​ទ្វេដង​ប្រៀបធៀបនឹង​សប្ដាហ៍​មុន ដែលមាន​ត្រឹម​តែ​៤៨ករណី ។ លោករដ្ឋមន្ត្រី​បញ្ជាក់ថា រដ្ឋាភិបាលប្រឈម​ចំពោះ​ស្ថានភាព​អាក្រក់​មួយ​ ដែល​មន្ត្រីសុខាភិបាល​មិនត្រឹម​តែ​ត្រូវ​ទប់​ឱ្យជាប់​នូវ​ការឆ្លង​មក​ពី​ខាងក្រៅ​ប្រទេស​ប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវ​គ្រប់គ្រង​ការឆ្លង​នៅក្នុងប្រទេស​ផងដែរ ។​

ប្រទេស​ជាច្រើនដូចជា អារ៉ាប៊ីសអ៊ូឌីត អ៊ីស្រាអែល និង អ៊ីរ៉ង់ បាន​បង្ហាញ​សញ្ញានៃ​ការ​ឆ្លង​លើកទីពីរ​ ប៉ុន្តែប្រទេស​ទាំងនោះ​នៅមិនទាន់ប្រកាស​ការឆ្លង​លើកទីពីរ​ជាផ្លូវការឡើយ គឺមាន​តែ​ប្រទេស កូរ៉េខាងត្បូង មួយប៉ុណ្ណោះលើពិភពលោក ដែល​ប្រកាស​អំពីរលកទីពីរនៃ​ការឆ្លង​រាលដាល​របស់មេរោគ កូរ៉ូណាវីរុស ។ ​ចំណែក​មជ្ឈមណ្ឌល​ទប់ស្កាត់​ការឆ្លង​រាលដាលនៃមេរោគ​របស់ប្រទេស កូរ៉េខាងត្បូង រាយការណ៍ថា ការឆ្លង​រាលដាល​លើកទីមួយនៅមិនទាន់​បញ្ចប់​នៅឡើយ ។​

កូរ៉េខាងត្បូង បាយរាយការណ៍​អំពី​ចំនួន​ករណីឆ្លង​ច្រើនបំផុត​ក្នុង​ខែ កុម្ភៈ ដែលមាន​ចំនួនអ្នក​ឆ្លង​មេរោគជាង ៩០០ ក្នុងមួយថ្ងៃ គឺជា​ចំនួន​ឆ្លង​ច្រើនបំផុត​ក្នុងតំបន់​ក្រៅប្រទេស ចិន ប៉ុន្តែ​យុទ្ធនាការ​តាម​ដាន និង​ពិនិត្យ​ទ្រង់ទ្រាយធំ​បាន​កាត់បន្ថយ​ចំនួន​ឆ្លង​មេរោគ​​ឱ្យ​នៅទាប​ចាប់ពី​ចុងខែ មេសា ។​នៅដើម​ខែ ឧសភា ប្រទេសនេះ​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​វិធានការ​មួយចំនួន បណ្ដាល​ឱ្យ​ចំនួន​ឆ្លងមេរោគ​កើនឡើង​ជាពិសេស​ក្នុង​ចំណោម​យុវជន ដោយសារ​ពួកគេ​ចូល​ក្លឹប និង​បា​ក្នុងទីក្រុង សេអ៊ូល អំឡុង​ថ្ងៃឈប់សម្រាក​ចុងសប្ដាហ៍​ដើម​ខែ ឧសភា ។

កាលពីថ្ងៃច័ន្ទ ទី២២ ខែមិថុនា ប្រធាន​មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូរ៉េខាងត្បូង លោក ជុង អ៊ុន-ឃ្យេង និយាយថា ​ថ្ងៃឈប់សម្រាក​ចុងសប្ដាហ៍​ដើម​ខែ ឧសភា ត្រូវបាន​កំណត់ថាជា​ការ​ចាប់ផ្ដើម​រលកថ្មីនៃការឆ្លង​មេរោគ​ ដោយ​មានប្រភាព​ចេញពី​ទីក្រុង សេអ៊ូល ជាកន្លែង​ដែល​មាន​ចំនួន​ង្នក​ឆ្លង​តិច​ ក្នុង​ការឆ្លង​លើកទីមួយ ។​

រហូតមកដល់ពេលនេះ ប្រទេស កូរ៉េខាងត្បូង រាយការណ៍ថា ចំនួនករណីឆ្លង​ក្នុងប្រទេសនេះមាន ១២៤៣៨ ហើយអ្នកស្លាប់​ដោយសារ​ជំងឺនេះមានចំនួន ២៨០នាក់ ។អ្នក​សិក្សាស្រាវជ្រាវ​អំពី​បញ្ហា​មេរោគឆ្លង​ក្នុងប្រទេស កូរ៉េខាងត្បូង អះអាងថា ទីក្រុង សេអ៊ូល អាច​នឹង​មាន​ករណីឆ្លង​ប្រមាណ ៨០០ ក្នុងមួយថ្ងៃ ប្រសិនបើ​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការឆ្លងបច្ចុប្បន្ន ។​

គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ចំនួនអ្នកឆ្លង​មេរោគ កូរ៉ូណា នៅទូទាំងពិភពលោក​មានចំនួន 9187861នាក់​ ចំណែកអ្នក​ស្លាប់​មានចំនួន474339នាក់ ។​​ សហរដ្ឋអាមេរិក ជាប្រទេស​ដែលមានអ្នកឆ្លង​ច្រើនបំផុតមានចំនួន​2,388,153នាក់ មានអ្នកស្លាប់122,610នាក់​ ។ ប្រទេស ប្រេស៊ី មានអ្នកឆ្លងច្រើនបំផុតទីពីរចំនួន1,111,348 នាក់ មានអ្នកស្លាប់51,407 ៕ ដោយ ៖ រចនា

Leave a Reply

Your email address will not be published. Required fields are marked *