សុំលុយប្រពន្ធប្ដូរក្រវិលកំប៉ុងស្រាបៀរ មកវិញចាយលុយអាប់លើស ប្រពន្ធស្ដីឱ្យរត់ទៅបញ្ចប់ជីវិតបានសម្រេច

ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តប្រពន្ធស្ដីបន្ទោស រត់ទៅបញ្ចប់ជីវិតបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចដើមប្រេងខ្យល់ ភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសខាងលើមានឈ្មោះ បូ រ៉ូហ្សា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ លឿង ឡូត អាយុ២៩ឆ្នាំស្នាក់នៅក្បែរកន្លែងកើតហេតុ ។ 

សមត្ថកិច្ចបានត្រួតពិនិត្យនិងកោសលវិច័យ បានសន្និដ្ឋានថា បុរសខាងលើពិតជាចង.ក ដោយយកខ្សែនីឡុង ចងភ្ជាប់នឹងដើមស្រល់បណ្ដាលឱ្យបាត់បង់ជីវិតពិតប្រាកដមែន ។ មូលហេតុដោយសារ ខឹងប្រពន្ធស្ដីបន្ទោស ។ 

តាមការរៀបរាប់ប្រពន្ធរងគ្រោះនិយាយទាំងទឹកភ្នែកថា កាលពីយប់ ប្តីរបស់គាត់បានសុំ លុយ៦ពាន់រៀល ដើម្បីយកទៅដូរ ក្រវិលកំប៉ុងស្រាបៀរយកមកផឹក ពេលនោះគាត់មានតែលុយ ក្រដាស៥ម៉ឺនរៀល២សន្លឹក ក៏ឱ្យយកទៅ ហើយផ្ដាំថា អាប់លុយមកវិញ ។ 

ខណៈមកវិញប្តីគាត់ ក៏ចាយលុយលើស៣ពាន់រៀល គាត់ក៏ខឹងប្តីស្តីបន្ទោស កុំឱ្យចាយលុយច្រើនពេក ព្រោះពិបាករកណាស់ ណាមួយគាត់មានទម្ងន់ទៀតផង ត្រូវចេះសន្សំលុយទុកឆ្លងទន្លេ។ 

ភ្លាមនោះប្តីក៏ខឹង មិនមាត់មិនកមិនតបត ក៏ចាកចេញពីផ្ទះបាត់ រហូតដល់ពេលកើតហេតុ ខណៈអ្នកភូមិក៏មកប្រាប់ថា គេបានប្រទះឃើញប្តីរបស់គាត់ចងកស្លាប់នៅលើដើមប្រេងខ្យល់ ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *