ឃាត់ជនសង្ស័យម្នាក់ឆក់កាបូបលុយអ្នកដំណើរ,រត់រួច៣នាក់

កណ្ដាល ៖ ជនសង្ស័យម្នាក់ចំណោម៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនឡើងតុលាការនាថ្ងៃទី២៣វិច្ឆិកា បន្ទាប់ពីត្រូវបានឃាត់ខ្លួន នៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង ១០នាទី ខណៈកំពុងធ្វើសកម្មភាពឆក់កាបូបលុពីស្ត្រី២នាក់បានសម្រេច ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ០២ នាក់រួមមាន ទី១-ឈ្មោះ សុខ សារ៉ុន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិពោធិ៍បួន ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បាត់កាបូបស្ពាយពណ៌ទឹកប៊ិចមួយ ក្នុងនោះមានទូរសព្ទដៃម៉ាកoppo ពណ៌ខ្មៅ ០១គ្រឿង ,ប្រាក់១ម៉ឺនរៀល និងទូរសព្ទដៃអិនចុចពិល ។

ជនរងគ្រោះទី២-ឈ្មោះ សិន ខាវ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។បាត់កាបូបស្ពាយពណ៌ខ្មៅមួយ ក្នុងនោះមានប្រាក់រៀលចំនួនចិតសិបមួយមុឺនរៀល(៧១០,០០០រៀល) និងប្រាក់ដុល្លារចំនួនម្ភៃដុល្លារអាមេរិក(20$) និងទូរសព្ទម៉ាកoppo ពណ៌ទឹកប៊ិកចាស់ចំនួន០១គ្រឿង។

ចំណែកជនសង្ស័យ០៤ នាក់, ឃាត់ខ្លួនបានម្នាក់រួមមាន ១-ឈ្មោះ លី សុខវីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគក បើកម៉ូតូម្នាក់ឯងម៉ាកនិច (ឃាត់ខ្លួន) ,២-ឈ្មោះ ស្រ៊ុន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ខណ្ឌឫស្សីកែវ បើកម៉ូតូម្នាក់ឯងម៉ាកសង់ (គេចខ្លួន) និង ជនសង្ស័យ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

សមត្ថកិច្ចបន្តថា ដំបូងជនរងគ្រោះបានចេញពីផ្ទះយកខោអាវឱ្យអតិថិជនដែលកុម៉្មង់ទិញ លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ ០៤នាក់ជិះម៉ូតូចំនួន០៤គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ ។បន្ទាប់ពីឆក់កាបូបបានហើយជនសង្ស័យបាននាំគ្នាជិះគេចខ្លួន ។

ក្រោយមកជនរងគ្រោះបានស្រែកឆោឡោរួចរាយការណ៍ឱ្យសមត្ថកិច្ច បន្ទាប់ពីទទួលបានព័ត៌មានហើយ កម្លាំងប៉ុស្តិ៍និងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ជនសង្ស័យបានម្នាក់ ហើយជនសង្ស័យ០៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ទៅ ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញបានកសាងសំណុំរឿង តាមនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *