ក្មេងស្រី២នាក់ ចុះហែលទឹកស្រះ ផុតដៃផុតជើង ជើងលង់ស្លាប់ទាំង២

ភ្នំពេញ ៖ ក្មេងស្រី២នាក់ចុះហែលទឹកស្រះ ចំណែកក្មេងប្រុសម្នាក់ទៀត នៅលើគោកចាំ ខណៈកំពុងហែលក៏លូកដៃបេះផ្កាឈូក ស្រាប់តែផុតដៃផុតជើង ទាំង២នាក់លង់ទឹកតែម្តង ហើយក្មេងប្រុសនៅលើកគោកបានរត់ទៅប្រាប់អ្នកផ្ទះ តែអកុសល្យ ក្មេងស្រីទាំង២ស្លាប់បាត់ទៅហើយ។

ហេតុការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាទី១ មានឈ្មោះ សើ កែវរក្សា អាយុ ៩ឆ្នាំ ស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។ទី២​ មានឈ្មោះ វុទ្ធី វត្តី អាយុ ១១ ឆ្នាំ ស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

តាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់អ្នកយកព័ត៌មានហង្សមាសឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេង៣នាក់បងប្អូន ប្រុស១នាក់ ស្រី២នាក់ បាននាំគ្នាទៅវាលស្រែជាមួយជីដូន លុះដល់វេលាម៉ោងខាងលើ ក្មេងទាំង៣នាក់ក៏បានដើរមកដល់ ស្រះឈូក ហើយក៏ក្មេងស្រី២នាក់ បានចុះងូតទឹក ចំណែកក្មេងប្រុស នៅអង្គុយចាំលើគោក ខណៈដែលក្មេងស្រីទាំង២នាក់ងូតទឹកស្រះ ក៏ហែលទៅបេះផ្លែឈូក ជាអកុសល ចូលដល់កន្លែងជ្រៅ ផុតដៃជើង លង់លិចបាត់តែម្តង ឃើញសភាពបែបនេះ ក្មេងប្រុសរត់ទៅតាមហៅជីដូន ឲ្យមកជួយ ហៅទាំងក្រុមគ្រួសារ អ្នកស្រុក នាំគ្នាចុះរាវស្រង់ឡើងគោក ដោយមិនអស់ចិត្ត ដឹកតារថយន្តផ្ទាល់ខ្លួនយកទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល តែគ្រូពេទ្យបញ្ជាក់ប្រាប់ ក្មេងទាំង២នាក់ស្លាប់បាត់ហើយ ទើបដឹកវិលត្រឡប់មកផ្ទះវិញ ។

ជុំវិញករណីខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅសាកសួរ ធ្វើកំណត់ហេតុ តែក្រុមគ្រួសារមិនប្តឹងផ្តល់អ្វីឡើយ ទើបសមត្ថកិច្ចប្រគល់សពជូនទៅក្រុមគ្រួសារ រៀបចំធ្វើបុណ្យទៅតាមប្រពៃណីខ្មែរយើង ៕

Leave a Reply

Your email address will not be published. Required fields are marked *